តាមពិតស្ដ្រីម្នាក់ ដែលយកកាំភ្លើងបាញ់ខ្លួនឯងប៉ងបញ្ចប់ជីវិតនោះ ជាភរិយាមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់ អាចពាក់ដល់ផ្កាយទៀតផង
-

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នេះក្នុងផ្ទះវីឡាជួលដ៏ធំមួយ ស្ដ្រីម្នាក់យកកាំភ្លើងបាញ់ខ្លួនឯងប៉ងបញ្ចប់ជីវិត នៅខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ត្រូវបានសមត្ថកិច្ចអះអាងថា ជាភរិយាមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់ អាចពាក់ដល់ផ្កាយទៀតផង ប៉ុន្ដែសមត្ថកិច្ចបាន និងកំពុងបន្ដស្រាវជ្រាវបន្ថែមទៀត ទៅលើអត្ដសញ្ញាណពិតប្រាកដ និងមូលហេតុ នៃអំពើអត្ដឃាតមិនបានសម្រេចមួយនេះ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានករណីស្ត្រីម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែតភ្លាមៗ។

តាមប្រភពមន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រាប់ថា៖ អំពីការលំបាក នៃការស្រាវជ្រាវទៅលើរឿងអត្ដឃាត ដោយសារតែសាច់ញាតិ និងក្រុមគ្រួសារស្ដ្រីរងគ្រោះ មិនផ្ដល់កិច្ចសហការ ផ្ដល់ព័ត៌មានជូនសមត្ថកិច្ច ដែលចុះទៅសួរនាំនោះឡើយ ពោលថែមទាំងបង្វែដាន និងបញ្ជូនស្ដ្រីរងគ្រោះម្ដងទៅនេះម្ដងទៅនោះ ទំនងខ្លាចបែករឿង និងដឹងពីអត្ដសញ្ញាណរបស់ខ្លួន។
មន្ដ្រីនគរបាលរូបនេះ ក៏បញ្ជាក់បន្ថែមថា គិតត្រឹមវេលាម៉ោងជិត១២រសៀលថ្ងៃត្រង់នេះ ស្ដ្រីរងគ្រោះបាន និងកំពុងបន្ដជួយសង្គ្រោះពីក្រុមគ្រូពេទ្យកាល់ម៉ែត ប៉ុន្ដែបានឆ្លងផុតមាត់មជរាជ ដោយរបួសធ្ងន់តែប៉ុណ្ណោះ។ តាមសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យកាល់ម៉ែត ស្ដ្រីរងគ្រោះមានអាយុជាង២០ឆ្នាំ។