កំពុងតែកក្រើក! ៥ថ្ងៃមកហើយ ក្រុមក្មេងៗជាង១០នាក់ ដែលបាត់ខ្លួនក្នុងរូងភ្នំប្រទេសថៃ បានត្រឹមឃើញរបស់ទាំងអស់នេះតែប៉ុណ្ណោះ!
ថៃ ៖ ក្មេងប្រុសចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំជន់លិចមួយកន្លែងនៅភាគខាងជើងនៃប្រទេសថៃអស់រយៈពេល៥ថ្ងៃមកហើយនោះ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ។ ទោះជាយ៉ាងណា មន្ត្រីថៃជាន់ខ្ពស់បាននិយាយឲ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះពួកគេ គឺពឹងផ្អែកលើការបូមទឹកចេញ ដូច្នេះទើបក្រុមអ្នកមុជទឹកចូលទៅជួយមានកន្លែងច្រើនសម្រាប់ធ្វើប្រតិបត្តិការសង្គ្រោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក Anupong Paojinda បានប្រាប់អ្នកយកពត៌មានឲ្យដឹងថា ក្រុមទ័ពជើងទឹកដែលចូលទៅជួយ សង្គ្រោះអ្នកដែលបាត់ខ្លួន គឺមានការពិបាកខ្លាំង ដោយសារតែភក់ល្បាប់ខ្ពស់ស្ទើរដល់ពិដាននៃរូងភ្នំដ៏ធំនេះទៅហើយ។ ក្មេងប្រុស ដែលមានវ័យចន្លោះពី ១១ ដល់ ១៦ ឆ្នាំ បានបាត់ខ្លួនចាប់តាំងពីគ្រូបង្វឹកវ័យ ២៥ឆ្នាំរបស់ពួកគេបាននាំពួកគេទៅកាន់រូងភ្នំ Tham Luang Nang Non ស្ថិតនៅភាគខាងជើងនៃខេត្តឈៀងរៃ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីហ្វឹកហាត់។ តាមរយៈស្បែកជើង ក៏ដូចជាកង់ត្រូវបានទុកចោលនៅរបងច្រកចូលរូងភ្នំ ពួកគេត្រូវបានជឿថាជាប់នៅក្នុង រូងភ្នំមិនអាចចេញរួច ដោយសារទឹកជន់លិចបណ្ដាញផ្លូវរូងភ្នំ នៅពេលភ្លៀងធ្លាក់ខ្លាំង។ កាលពីថ្ងៃម្សិលមិញការស្វែងរកត្រូវបានផ្អាកម្ដងទៀត ដោយសារតែកម្ពស់ទឹកឡើងខ្ពស់ពេក។ លោក Paojinda បាននិយាយផងដែរថា អ្នកមុជទឹកអាចធ្វើប្រតិបត្តិការជួយសង្គ្រោះបន្តបាន លុះត្រាតែទឹកត្រូវបានបូមចេញគ្រប់គ្រាន់សិន ដូច្នេះទើបមានចន្លោះខ្លះរវាងទឹក និងពិដាននៃរូងភ្នំដើម្បីធ្វើឲ្យវាមានសុវត្ថិភាពជាងមុនក្នុងខណៈពេលប្រតិបត្តិការ។ លោកបន្តថា អ្នកមុជទឹកនឹងចាប់ផ្តើមប្រើប្រាស់បំពង់អុកស៊ីសែនពិសេសដែលផ្ដល់ពេលវេលាមុជទឹកយូរជាងធម្មតា។ អ្នកមុជទឹកម្នាក់បាននិយាយថា ទឹកមានភាពស្រអាប់ខ្លាំងណាស់សូម្បីតែប្រើពន្លឺភ្លើងច្រើនហើយ ក៏នៅមិនអាចមើលឃើញថាពួកគេកំពុងនៅកន្លែងណា ឬទៅកន្លែងណាក្រោមទឹកដែរ ដូច្នេះពួកគេចាំបាច់ត្រូវងើបឲ្យផុតពីទឹក។ លោក Anupong បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងបន្តធ្វើការឥតឈប់ ក៏ព្រោះក្នុងរូងភ្នំមានសភាពងងឹត ដូច្នេះថ្ងៃ និងយប់គ្មានអ្វីខុសគ្នាខ្លាំងឡើយ។ ឪពុកម្ដាយ និងសាច់ញាតិក្មេង ដែលបាត់ខ្លួននាំគ្នារងចាំពេញមួយក្នុងតង់ខាងក្រៅច្រកចូលនៃរូងភ្នំ។ ពួកគេក៏បានធ្វើពិធីបន់ស្រន់ហៅអ្នកដែលបាត់ខ្លួនឲ្យត្រឡប់មកវិញដោយសុវត្ថិភាពផងដែរ។ ក្រុមគ្រូពេទ្យក៏មានវត្តមានចាំជួយសង្គ្រោះ ដោយបោះតង់នៅខាងក្រៅដូចគ្នា។ កាលពីល្ងាចថ្ងៃច័ន្ទ សាច់ញាតិរបស់ក្មេងប្រុសបានដើរចូលទៅក្នុងច្រកចូលនៃរូងភ្នំ ហើយស្រែកលឺៗថា “កូនប្រុសរបស់ម៉ាក់ ចេញមកក្រៅមកកូន! ម៉ាក់កំពុងចាំកូននៅទីនេះ!”។ ចំណែកសាច់ញាតិម្នាក់ទៀតបានលុតជង្គង់ធ្វើការបន់ស្រន់ក្បែរកង់របស់ក្មេងៗដែលទុកចោលនៅក្រៅច្រកចូលនៃល្អាង ហើយសួរថា “តើកូនរបស់ខ្ញុំនៅឯណា?”។ អាជ្ញាធរបាននិយាយថា ស្នាមបាតជើង និងស្នាមបាតដៃជាច្រើនត្រូវបានរកឃើញនៅក្នុងបរិវេណនៃរូងភ្នំ ហើយកាលពីមុនក៏ធ្លាប់មានភ្ញៀវទេសចរជាប់នៅរូបភ្នំនេះត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់បានស្រកចុះ។ មន្ត្រីប៉ូលីសបាននិយាយថា ការរុករកទៅក្នុងកាន់តែជ្រៅ គឺទាមទារអុកស៊ីសែនច្រើន និងអ្នកមុជទឹកជំនាញៗ ដូច្នេះនៅពេលដែលរកឃើញ ការនាំក្មេងប្រុសទាំងនោះចេញមកវិញក៏ជារឿងពិបាកផងដែរ។ ទោះជាយ៉ាងណាមកដល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។