ថ្ងៃព្រហស្បតិ៍ព្រឹកនេះ ក្រុមអ្នកជួយសង្រ្គោះ​ កំពុងចាប់ផ្តើ់ម ជីកប្រហោង​មួយចូលទៅកាន់ រូងភ្នំមួយកន្លែង ជាទីដែលក្មេង​ជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់​ទាត់ របស់ពួកគេ​ម្នាក់ ដែលគេជឿជាក់ថា បានជាប់គាំងនៅ​ក្នុងល្អាងភ្នំ ​ដោយសារទឹក​ជន់ខ្លាំង
-

ប្រទេសថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ បើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters​ បានអោយដឹងថា ក្រុមអ្នកជួយសង្រ្គោះ​កំពុងចាប់ផ្តើ់មជីកប្រហោង​មួយចូលទៅកាន់រូងភ្នំមួយកន្លែង ជាទីដែលក្មេង​ជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់​ទាត់របស់ពួកគេ​ម្នាក់ ត្រូវបានគេជឿជាក់ថា បានជាប់គាំងនៅ​ក្នុងល្អាងភ្នំ​ដោយសារទឹក​ជន់ខ្លាំង។

កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃថៃ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង ទីក្រុងបាងកក ថាលោកបានគូសបញ្ជាក់​ដូច្នេះថា “ស្អែក (ថ្ងៃព្រហស្បតិ៍នេះ) យើងអាច​នឹងជីកប្រហោងមួយចូល​ទៅកាន់រូងភ្នំ ប៉ុន្តែយើង​មិនជីក​វាជ្រៅនោះទេ ពោលគឺគ្រាន់​តែសមល្មមឱ្យមនុស្សអាច​ចូលបានតែប៉ុណ្ណោះ… ហើយើងនឹងប្រើគ្រប់​មធ្យោបាយ ដើម្បីតាម​រកក្មេងៗទាំងនោះ”។
គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់​បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍​មកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់​នៅក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជាល្អាងវែងជាង​គេបំផុតទី ០៤ របស់ថៃ។ ក្មេងទាំងនេះត្រូវ​បានគេរាយការណ៍​ថា មានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ​ រីឯគ្រូបង្វឹកបាល់ទាត់​របស់ពួកគេមាន​អាយុ ២៥ឆ្នាំ៕