ឪស្រុកខ្មែរអើយកាលបានចេះគិតទៅ!!! មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តកណ្តាល ផាកពិន័យស្រ្ដីពិការជើងម្នាក់ (ប្រមាណជិត១ម៉ឺន២ពាន់ដុល្លារអាមេរិក) រឿងដឹកឈើជជុះលក់
ខេត្តកណ្តាលៈ ព្រោះតែជីវភាពគ្រួសារគាត់ទីទ័លក្រខ្លាំងពេក ទើបស្ត្រីពិការអង្គុយលើរទេះរុញម្នាក់ បានដើរទិញប្រភេទឈើជជុះ ដើម្បីយកមកបោះឱ្យម៉ូយតាមដេប៉ូឈើនៅស្រុកស្អាង ខេត្តកណ្តាល គ្រាន់បានប្រាក់ចំណូលខ្លះ ចិញ្ចឹមជីវិត និងទិញថ្នាំព្យាបាលជំងឺ ស្រាប់តែរថយន្តដែលគាត់ជួលដឹកឈើនោះ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តកណ្តាល ស្ទាក់ឃាត់ចាប់ផាកពិន័យរហូតដល់៤៧លានរៀល (ប្រមាណជិត១ម៉ឺន២ពាន់ដុល្លារអាមេរិក) ជាហេតុធ្វើឱ្យស្ត្រីពិការ គ្មានលទ្ធភាពបង់ប្រាក់ពិន័យ មានតែលើកម្រាមដៃដប់សំពះអង្វរដល់មន្ត្រីរដ្ឋបាលព្រៃឈើ មេត្តាត្រាប្រណីដល់រូបគាត់ផង ។
ស្ត្រីពិការខាងលើ មានឈ្មោះវង់ ធារី អាយុ៥១ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ស្ត្រីខាងលើ បានរៀបរាប់ថា ជីវភាពគាត់ទ័លក្រណាស់ ចំណែកគាត់ពិការជើងដើរមិនរួច អង្គុយតែលើរទេះរុញ និងមានជំងឺប្រចាំកាយផង គ្មានប្រាក់ព្យាបាលខ្លួន និងត្រូវរ៉ាប់រងចិញ្ចឹមកូន៤នាក់ ព្រមទាំងចៅជិត១០នាក់ផង។ ស្ត្រីពិការ បន្តថា ក្រោយមក គាត់ក៏បែកគំនិតរកស៊ី ដោយដើរទិញប្រភេទឈើជជុះមកបោះឱ្យដេប៉ូឈើនៅស្រុកស្អាង ខេត្តកណ្តាល គ្រាន់បានចំណេញតិចតួច សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។ ស្ត្រីពិការ បន្តទៀតថា ប៉ុន្តែកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចខេត្តកណ្តាល ចាប់រថយន្តជួលដឹកឈើរបស់គាត់ និងតម្រូវឱ្យបង់ផាកពិន័យ រហូតដល់៤៧លានរៀល ទើបប្រគល់រថយន្តជូនវិញ ។ យ៉ាងណាគាត់ទទូចស្នើសុំដល់មន្ត្រីរដ្ឋបាលឈើ មេត្តាមានការយោគយល់ដល់គាត់ផង ព្រោះគាត់គ្មានប្រាក់ឯណាច្រើនម្លឹងៗនោះទេ ហើយបើមានលុយច្រើនយ៉ាងនេះ មិនទៅបង្ខំទៅទិញឈើជជុះគ្រាន់បានចិញ្ចឹមកូន និងចៅជិត ១០នាក់ឡើយ ។ ស្ត្រីពិការរូបនេះ បានរៀបរាប់ប្រាប់ថា មូលហេតុដែលធ្វើឱ្យគាត់ធ្លាក់ខ្លួនពិការបែបនេះ គឺដោយសារតែប្តីវាយធ្វើបាប រហូតបាត់បង់កូន នៅក្នុងផ្ទៃទៀតផង នៅពេលធ្វើការវះកាត់របួសរបស់ខ្លួន រហូតធ្លាក់ខ្លួនពិការដល់សព្វថ្ងៃតែម្តង ។ ដោយសារតែជីវភាពខ្វះខាតខ្លាំង គាត់ក៏ សម្រេចចិត្តទៅសុំលោកអភិបាលខេត្តពោធិ៍សាត់ និងជំនាញពាក់ព័ន្ធនានា សុំទិញឈើជជុះ និងល្អខ្លះ មកលក់ឱ្យដេប៉ូឈើនៅស្រុកស្អាង ក្រែងបានកម្រៃចំណេញច្រើនបន្តិច យកទៅទៅវះកាត់ជើង និងក្រែងសល់ប្រាក់ខ្លះ សម្រាប់ថែកូននិងចៅ ។ ដោយសារតែលោកអភិបាលខេត្ត ពិនិត្យឃើញសភាពរបស់គាត់ ទើបបានអនុគ្រោះឱ្យទិញដឹកចេញពីខេត្តពោធិ៍សាត់ ដោយមានការឯកភាពពីជំនាញ់ពាក់ព័ន្ធនានាផងដែរ ។ ប៉ុន្តែការដឹក នេះគាត់សុំដឹកតែ៣ជើងនោះទេ ដោយ១ជើងឈើដាក់ត្រឹម១០ម៉ែត្រគូបតែប៉ុណ្ណោះ ។ ឈើទាំងនេះជាប្រភេទឈើជជុះ ផ្តៀក និងឈើល្អ ប្រភេទ១២គុណនឹង១៥ ដោយគាត់បានជំពាក់ម្ចាស់ដេប៉ូគេ ស្ទើរទាំងស្រុង បានឱ្យប្រាក់ម្ចាស់ដេប៉ូគេត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ព្រោះគាត់ធ្លាប់ស្គាល់ ម្ចាស់ដេប៉ូនោះ ម្យ៉ាងវិញទៀត ដោយសារតែគេអាណិត ឃើញជើងគាត់ទន់រលេករឡាក់ គ្មានលុយព្យាបាលជំងឺ ទើបគេយល់ព្រមឱ្យជំពាក់សិន ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។