អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថាបោះឆ្នោតអោយគណបក្សណាដែលដឹកនាំប្រទេសមានការរីកចំរើន
-

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរយើងនោះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយអោយបានរ៉ឹងមាំតាមរយៈការសម្រេចចិត្តដោយធ្វើការពិចារណាអោយបានត្រឹមត្រូវមុននិងគូសនៅលើសន្លឹកឆ្នោត នេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលខណ្ឌនិងលោកសារិន វណ្ណា ប្រធានមន្ទីរនគរូបនីយកម្ម សំណង់ សូរិយោដីនិងភូមិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈទ្រព្យចំនួន១៣០៥ក្បាលដី កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ក្នុងពិធីចែកបណ្ឌកម្មសិទ្ធនេះដែរលោកអភិបាលខណ្ឌបានថ្លែងបន្តថា ការទៅបោះឆ្នោតជាសិទ្ធរបស់បងប្អូនមិនមែនជាកាតព្វកិច្ចនោះទេ តែយ៉ាងណាក៍ដោយក្នុងនាមជាពលរដ្ឋខ្មែរត្រូវតែទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ។ សន្លឹកឆ្នោត១សន្លឹកមានតម្លៃណាស់ដូច្នេះមុននិងគូសសូមបងប្អូនប្រជាពលរដ្ឋធ្វើការពិចារណាអោយបានត្រឹមត្រូវក្នុងការសម្រេចចិត្តបោះឆ្នោតអោយគណបក្សណាដែលជួយរំដោះអាយុជីវិតបងប្អូនរួចផុតពីរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិរួចផុតពីភ្លើងសង្គ្រាម ទទួល បានសន្តិភាពពេញផ្ទៃប្រទេស មានស្ថេរភាព នយោបាយ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ។
លោកអភិបាលខណ្ឌបានបន្តទៀតថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកអភិបាលខណ្ឌ បានស្នើដល់ប្រជាជនពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ឋិនេះ ទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។
ដោយឡែកលោកសារិន វណ្ណា បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
មុនននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ»៕
ដោយ៖ ភារ៉ា