​យោធិន​ពិការដៃ និង​ជា​សមាជិក​គណបក្ស​ (LDP) ម្នាក់ទាញដំបងវាយទៅបុរសម្នាក់ពិការជើង ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោត
-

ស្វាយរៀង៖ បុរស​វ័យ​ចំណាស់ម្នាក់ ជា​យោធិន​ពិការដៃ និង​ជា​សមាជិក​គណបក្ស​ (LDP) បាន​ទាញ​ដំបង​ឫស្សី​វាយ​ទៅ​បុរស​ម្នាក់ជាជនពិកាជើង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោត កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង។ ជនបង្ក​ឈ្មោះ សុវណ្ណ ចាន់​សាវ៉ាត ភេទ​ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជា​យោធិន​ពិការ និង​ជា​សមាជិក​គណបក្ស​ស​ម្ព័​ន​ដើម្បី​ប្រជាធិបតេយ្យ​(LDP)មាន​ទីលំនៅ ភូមិ​ត្បែង​ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក បានធ្វើ​សកម្មភាព​យក​ដំបង​ដើម​ឫស្សី​វាយ​ទៅលើ​ឈ្មោះ ឡុង ជី ភេទ​ប្រុស អាយុ៦០ឆ្នាំ មុខរបរ យោធិន​ពិការ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ពោធិ​រស់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ត្រូវចំ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។ មូលហេតុ ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ​វាយ​ទៅលើ​ជនរងគ្រោះ​នោះ គឺ​ដំបូង​ឡើយ ជនរងគ្រោះ​បាន​ចូលទៅ​ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​ចាក់​មេក្រូ​ឃោសនា​គណបក្សនយោបាយ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ក៏​ទាញ​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​តែម្ដង ៕

ប្រភព៖ ហេងលី