ខេត្តកំពត ៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ចោទប្រកាន់ថា ចេះធ្វើអំពើអាប-ធ្មប់ និងចេះមន្តអាគមអូមអាម (ផ្លូវងងឹត) ដោយអះអាងថា កន្លងមក តែងតែបង្កហេតុ ធ្វើឱ្យមនុស្សឈឺ និងស្លាប់ជាហូរហែ ។ លុះមានរឿងកើតឡើងផ្ទួនៗបែបនេះ ទើបប្រជាពលរដ្ឋក្នុងភូមិ ចេះតែនាំគ្នាសរសេរបង្ហោះ(Facebook) ចោទប្រកាន់មកលើស្ត្រីម្នាក់នោះថា ជាអ្នកធ្វើអំពើមកលើសាច់ញាតិរបស់ខ្លួនឲ្យឈឺរាំុរ៉ៃមើលមិនជា រហូតដល់មានអ្នកខ្លះស្លាប់ជាបន្តបន្ទាប់ទៀតផង ។ ដោយសារមានការចោទប្រកាន់ខាងលើនេះទើបនៅរសៀលថ្ងៃទី១៥ កក្កដា ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះជាច្រើនគ្រួសារ មានប្រតិកម្មជាចំហ រហូតឈានដល់ប្រមូលផ្តុំគ្នាស្ទើរមួយភូមិទៅសាលាឃុំកំពង់ត្រាចខាងលិច ហើយបានធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលិស ខណៈក្នុងភូមិដឹងថា ស្ត្រីដែលគេសង្ស័យថា ចេះអំពើអាប-ធ្មប់នោះ ត្រូវបានកោះហៅមកកាន់ប៉ុស្តិ៍ប៉ូលីស ដោយមានការសួរនាំពីសំណាក់អាជ្ញាធរឃុំ ស្រុកនិងសមត្ថកិច្ចផងដែរ រឿងអាប-ធ្មប់នេះ ។ ក្នុងករណីនេះអ្នកភូមិកណ្តាលទួលទាំងមូលបានអះអាងប្រាប់ប៉ូលិសប៉ុស្តិ៍ថា កន្លងមកនេះក្នុងភូមិឧស្សាហ៍មានអ្នកឈឺថ្កាត់រ៉ាំរ៉ៃមើលមិនដែលជាទេ ហើយអ្នកជម្ងឺទាំងនោះត្រូវបានស្លាប់ជាបន្តបន្ទាប់ ។ ដោយសារមានករណីបែបនេះបានកើតឡើងជាញឹកញាប់និងជាយូរឆ្នាំមកហើយ ប៉ុន្តែក្នុងករណីខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្ចពុំបានចាប់អារម្មណ៍នោះឡើយ ។អ្នកភូមិដដែលបានរៀបរាប់ទៀតថា កាលពីមុនគេធ្លាប់តែឮថា ដូនចាស់ជាម្តាយរបស់ស្ត្រីនេះបានរៀបអាសនៈ មានរៀបបាយសីនៅក្នុងផ្ទះយ៉ាងធំ ហើយម្តាយរបស់ស្ត្រីនេះជាអ្នកចេះវិជ្ជាតាមផ្លូវងងឹត ហើយពេលគាត់មុននឹងស្លាប់ក៏បានផ្ទេរមន្តអាគមនេះទៅឲ្យស្ត្រីឈ្មោះកោះ សុខ ជាកូនបន្តរហូតដល់សព្វថ្ងៃ ទើបពួកគាត់មានការសង្ស័យថា ស្ត្រីរូបនេះពិតជាចេះវេទមន្តផ្លូវងងឹតនេះ ។ អ្នកភូមិបានបញ្ជាក់ផងដែរថា ក្រោយពីអ្នកភូមិមានការសង្ស័យ និងនាំគ្នាបង្ហោះ (Facebook)ជាបន្តបន្ទាប់មក ស្ត្រីរូបនេះ ក៏បានរុះរើអាសនៈចេញពីក្នុងផ្ទះអស់ក្នុងគោលបំណងបំបាត់ដាន ហើយពួកគាត់សង្ស័យថា ស្ត្រីម្នាក់នេះពិតជាអ្នកប្រព្រឹត្តផ្លូវងងឹតធ្វើឲ្យអ្នកភូមិស្លាប់ពីម្នាក់ទៅម្នាក់យ៉ាងពិតប្រាកដ ហើយពួកគាត់ក៏សរសេរបង្ហោះក្នុង(Facebook)ចោទប្រកាន់ ក្នុងគោលបំណងឲ្យអាជ្ញាធរ និងសមត្ថកិច្ច បាន ដឹង ដើម្បីសុំអន្តរាគមន៍ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានខាងលើបានឲ្យដឹងថា ដើមចមដែលធ្វើឲ្យមានការចោទប្រកាន់បែបនេះ គឺមុនដំបូងកើតឡើងដោយសារស្ត្រីម្នាក់ដែលអ្នកភូមិចោទប្រកាន់ថា ចេះអំពើអាប-ធ្មប់ឈ្មោះ កោះ សុខ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានមកប្តឹងសមត្ថកិច្ចថា មានអ្នកភូមិជាច្រើននាក់រស់នៅភូមិកណ្តាលទួលនាំគ្នាសរសេរសារបង្ហោះក្នុង (Facebook) ចោទប្រកាន់ថាគាត់ធ្វើអំពើងងឹតឲ្យគេឈឺនិងស្លាប់ជាច្រើននាក់ ។ លុះអ្នកភូមិដឹងថាស្ត្រីនេះមកប្តឹងសមត្ថកិច្ចដើម្បីទារសំណងពីអ្នកភូមិបែបនេះ ពួកគាត់ក៏បានលើកគ្នាមួយភូមិដែលមានគ្នាប្រមាណ២០០នាក់ មកផ្តិតមេដៃនៅចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយចោទប្រកាន់ស្ត្រីឈ្មោះ កោះ សុខ នេះថាពិតជាចេះអំពើអាប-ធ្មប់(ផ្លូវងងឹត)បណ្តាលឲ្យអ្នកភូមិឈឺរាំុរ៉ៃ និងស្លាប់ជាបន្តបន្ទាប់មែនរឿងអីស្ត្រីនោះមកប្តឹងបកវិញ ។ ក្រោយពីមានការសាកសួរពីសមត្ថកិច្ច ស្ត្រីខាងលើនេះ បានបដិសេធថា គាត់មិនចេះធ្វើអំពើអាប-ធ្មប់អ្វីទេ ហើយករណីចោទប្រកាន់បែបនេះគាត់មិនអាចទទួលយកបានឡើយ ព្រោះគាត់ក៏ជាស្ត្រីដូចគេឯងធម្មតា មិនចេះអាប-ធ្មប់នោះទេ ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋស្ថិតក្នុងភូមិកណ្តាលទួលទាំងមូល សុំឲ្យអាជ្ញា ធរនិងសមត្ថកិច្ចជួយធ្វើជាសាក្សី និងជួយជំរុញឲ្យស្ត្រី ឈ្មោះ កោះ សុខ ទៅធ្វើពិធីស្បថស្បែរ និងធ្វើសច្ចា ប្រណិធាននៅមុខព្រះពុទ្ធរូប ក្នុងវត្តដងទង់ដែលល្បីថាពូកែស័ក្តិសិទ្ធិបំផុត ហើយអ្នកភូមិកណ្តាលទួលទាំងមូលនិងស្ត្រីឈ្មោះ កោះ សុខ ក៏បានព្រមព្រៀងសន្យាថានឹងរៀបចំពិធីស្បថស្បែរនេះ នៅឯវត្តដងទង់ ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ ។ ទាក់ទិននឹងអំពើផ្លូវងងឹត បែបជំនឿអរូបិយខាងលើនេះ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ការមានជំងឺផ្សេងៗនៅតាមស្រុកស្រែចម្ការ ពលរដ្ឋមួយភាគតូចតែងតែមានជំនឿលើបារមី ឬការបែរបន់ខ្មោចព្រាយបិសាច ជួនកាលមានការបញ្ជាន់អារក្ស និងការថ្វាយដង្វាយដោយភ្លេងពិណពាទ្យជាដើមជំនួសថ្នាំសង្កូវ ។ ចំណែកអ្នករស់នៅតាមទីប្រជុំជន ភាគច្រើនជឿលើផ្នែកវេជ្ជសាស្ត្រ ហើយអ្នកជំងឺតែងតែពឹងផ្អែកលើគ្រូពេទ្យព្យាបាលជំងឺ ដោយគេមិនសូវជឿលើអបិយជំនឿនោះឡើយ ។ យ៉ាងណាមិញការជឿស៊ុបលើជំនឿអរូបិយដូចខាងលើ បើរឿងនេះមិនពិតប្រាកដវិញ អាចជាករណីលាបពណ៌រវាងគ្នានិងគ្នា ដែលធ្វើឲ្យមានការភាន់ច្រឡំកាន់តែខ្លាំង បង្កជាករណីគុំគួនគ្នាមិនចេះចប់មិនចេះហើយ និងនាំឲ្យបែកបាក់សាមគ្គីពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀតរហូតបែកបាក់សាមគ្គីរវាងពលរដ្ឋក្នុងភូមិជាមួយគ្នាផងដែរ ។ ជុំវិញការចោទប្រកាន់របស់អ្នកភូមិថា ស្ត្រីរូបនេះចេះអាប-ធ្មប់ធ្វើអំពើសម្លាប់មនុស្សនេះ គប្បីរកឱ្យឃើញថា តើរាល់អ្នកដែលស្លាប់នោះជាសត្រូវរបស់ស្ត្រីរូបនេះឬក៏អត់ ? មិនមែននៅសុខៗចេះតែធ្វើមន្តអាគមសម្លាប់មនុស្សបែបនេះឡើយ ។ ក្នុងសម័យទំនើបដែលមនុស្សឡើងហួសឋានព្រះចន្ទ្រទៅហើយនោះ តើអបិយជំនឿដែលបានកើតឡើងនេះ គប្បីមានជំនឿបែបការសង្ស័យចោទប្រកាន់នេះតទៅទៀតឬបែបណា ? កន្លងមកនេះ មានអ្នករងគ្រោះច្រើននាក់ហើយដែលត្រូវមនុស្ស ខ្វះការពិចារណាព្រោះតែជឿស៊ុបទៅលើអបិយជំនឿនេះ បានឈានទៅដល់ការសម្លាប់ជាបន្តបន្ទាប់ ហើយក៏មានជនដៃដល់ច្រើននាក់ផងដែរ ត្រូវបានចាប់ខ្លួនផ្តន្ទាទោស ។ និយាយរួមអបិយជំនឿបែបនេះប្រតិកិរិយាពេកហើយ ៕
ប្រភព៖ ហេងលី