តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនម្ចាស់ហ្វេសប៊ុកឈ្មោះ "យមរាជ លោកកីយ៍ "ជាបណ្ដោះអាសន្ន
-

ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើ សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ ២០១៨នេះ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំ ពាក្យកងរាជអាវុធហត្ដលើផ្ទៃប្រទេស បានលើកឡើងថា លោក សន សំនៀង អតីតមេបញ្ជាការរងកងរាជ អាវុធហត្ថស្រុកបារាយណ៍ ត្រូវបានតុលាការខេត្តកំពង់ធំសម្រេចឃុំ ខ្លួនជាបណ្ដោះអាសន្នហើយក្រោមការចោទប្រកាន់ចំនួន២ទី១៖ បទបរិហារកេរ្តិ៍ជាសាធារណៈ និងទី២៖បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ នេះបើតាមការលើកឡើងរបស់ លោក នាក្នុងឱកាសធ្វើសន្និសីទ សារព័ត៌មាននៅព្រឹកមិញនេះ នៅទីបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ។ លោក សន សំនៀង ​ត្រូវបានអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ ។ គណីហ្វេសប៊ុកឈ្មោះ «យមរាជ លោកកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧ ។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបាន ប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសពត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ តែបើតាមវីដេអូឃ្លីប របស់លោក សន សំនៀង ត្រូវបានបណ្តាញសង្គម ស៊ែរតតគ្នាកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានលើកឡើងថា ខ្លួនពុំបាន ប្រព្រឹត្ត ដូចតាមការចោទប្រកាន់នោះឡើយ ៕

ដោយៈ ភារ៉ា