ភ្នំពេញ ៖ នារីក្លាហានបីនាក់ជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ត្រូវបានជនសង្ស័យ៣នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែត្រូវជនរងគ្រោះដេញតាម រួចធាក់ផ្តួលម៉ូតូជនសង្ស័យ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ ឯ២នាក់ទៀតរត់ចុះក្នុងទឹកទន្លេបាត់ស្រមោល កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ កក្កដា ស្ថិតនៅតាមផ្លូវមាត់ទន្លេ ខាងក្រោយផ្សារអុីអនម៉ល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ បើតាមសម្តីនារីគ្រោះបានប្រាប់ថា ខ្លួនបានជិះម៉ូតូតាមផ្លូវមាត់ទន្លេ ក្រោយផ្សារអ៊ីអនម៉ល លុះដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនបីម្នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយរត់គេចខ្លួន។ ស្រាប់តែពេលនោះនារីក្លាហានទាំងបីនាក់ក៏បានជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីណិច ដេញតាមរួចក៏ធាក់ម៉ូតូចោរដួល ហើយសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានម្នាក់យកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីសាកសួរ ។រីឯបក្សពួក២នាក់ទៀត បានរត់ហើយលោតចូលក្នុងទន្លេបាត់ស្រមោល និងត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌចំការមនរុករកអស់រយៈពេលជិត១ម៉ោង ប៉ុន្តែនៅតែរកមិនឃើញ ។ ក្រោយពេលកើតហេតុ ជនសង្ស័យដែលឃាត់ខ្លួនបានត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
ដោយ៖ សិស្ស