តាមពិតទៅចឹងសោះ...អាជ្ងាធរខេត្តស្វាយរៀង ចេញមុខស្រាយបំភ្លឺ រឿងអាចោរថ្លើមធំលួចកាប់ដើមឈើធ្នង់ ដែលមានតម្លៃរាប់សិបមុឺនដុល្លារអាមេរិក ...
-

ស្វាយរៀង៖ បន្ទាប់ពីមានការចុះផ្សាយបំផ្លើសការពិតតាមបណ្តាញផ្សព្វ ផ្សាយព័ត៌មានេគហទំព័រក្នុងស្រុកមួយចំនួន ស្តីអំពី ករណីថា មានចោរលួចកាប់ផ្តួលរំលំយកដើមឈើធ្នង់១ដើម នៅក្នុងបរិវេណសាលាខេត្តស្វាយរៀង ដែលមានតម្លៃរាប់សិបមុឺនដុល្លារអាមេរិកនោះធ្វើអោយមានការរំជើបរំជួលភ្ញាក់ផ្អើល ខ្លាំងក្នុងស្រទាប់មហាជន មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ដោយ សារតែសារព័ត៌មានទាំងនោះពុំបានស្វែងរកប្រភពព័ត៌មានបញ្ជាក់ច្បាស់លាស់ពីស្ថាប័នជំនាញ ពិសេសរដ្ឋបាលសាលា ខេត្តស្វាយរៀង ដូច្នេះខាងក្រោមនេះគឺជាការបំភ្លឺផ្លូវការថា៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាពេលកន្លងមកនេះ ដោយយោងតាមការស្នើសុំរបស់មន្ត្រីរាជការសាលាខេត្ត និងបានពិនិត្យឃើញថាដើមឈើ ១ដើម ជាប្រភេទដើមធ្នង់ ដែលបានដាំនៅពេលរៀបចំអគារសាលាខេត្ត (មានអាយុកាលប្រមាណជា ៥០ឆ្នាំ ទៅ៦០ឆ្នាំ មិនមែន ២០០ឆ្នាំនោះទេ) ស្ថិតក្នុងបរិវេណសាលាខេត្តស្វាយរៀង មានសភាពចាស់ ពុកផុយ និងងាប់ជ្រុះស្លឹក ដែលអាចនឹងបាក់ ឬដួលរលំ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ និងមានខ្យល់បក់ខ្លាំង បង្កឲ្យមានផលប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ជាយថាហេតុដល់មន្ត្រីរាជការបម្រើការងារនៅក្នុងសាលាខេត្ត ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវា រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចធ្វើការកាប់ផ្ដួលដើមឈើនេះ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ (មិនមែនថ្ងៃ ស មុនបោះឆ្នោត ១ថ្ងៃនោះទេ) គឺពុំមានចោរណាលួចចូលកាប់នោះឡើយ ។ ចំពោះ ចំណែកនៃដើមឈើនេះ ស្ទើរតែទាំងស្រុងគឺមានសភាពពុកផុយ និងប្រហោងក្នុង ពោលមានប្រមាណតែ ៤០% ប៉ុណ្ណោះ ដែលនៅអាចប្រើប្រាស់បាន ហើយរដ្ឋបាលខេត្តបានរក្សាទុកសម្រាប់កែច្នៃជាតុ កៅអី និងគ្រឿងសង្ហារឹមផ្សេងទៀតតាមការជាក់ស្ដែងបម្រើឲ្យការប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងសាលាខេត្ត ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភ័ន្តច្រឡំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃ និងបំប៉ោងព័ត៌មាន ៕ សូមអរគុណ!

ប្រភព៖ Meatophoum News