កំសត់ខ្លាំងណាស់...លោកស្រី ទិ​ត្យ សំ​អុ​ន ចៅសង្កាត់​សាក់​សំពៅ ធ្វើការបម្រើបងប្អូនប្រជាពលរដ្ឋអស់រយៈពេល១៥ឆ្នាំហើយ មានត្រឹមតែកង់កញ្ចាស់មួយសម្រាប់កំដរជីវិត ...
-

ពិតជា​គួរ​ឱ្យ​កោតសរសើរ​ លោកស្រីចៅសង្កាត់​សាក់​សំពៅ គឺជា​មន្ត្រី​ស្អាតស្អំ​ម្នាក់ មិនចូលចិត្តភាពហ៊ឺហា ព្រមទាំងមានចិត្តល្អទៀតនោះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគោរពស្រលាញ់ លោកស្រីជាខ្លាំង។

លោកស្រី ទិ​ត្យ សំ​អុ​ន មានអាយុ៦៥ឆ្នាំ ជា​មន្ត្រី​ស្អាតស្អំ​ម្នាក់ ដែលបានបូជា​ទាំងស្មារតី​និង​ប្រាជ្ញា​បម្រើ​ប្រជាពលរដ្ឋ រយៈពេល៤​អាណត្តិ​ មកនេះលោកស្រីធ្វើដំណើរដោយជិះកង់ទៅធ្វើការរាល់ថ្ងៃ ក្នុងពេលដែលមានមន្រ្តីជាច្រើន មានរថយន្តទំនើប និងម៉ូតូល្អជិះអស់ហើយនោះ។
តាមពាក្យចចាមរ៉ាម ដែលបានលើកឡើងថាលោកស្រី ជាស្រ្តីក្រមុំចាស់​សល់​ពី​សង្គម (គ្មានកូនគ្មានប្តី គ្មានចៅ) មិនមែនជារឿងពិតនោះទេ។ លោកស្រីបានប្រាប់ថា កាលពីមុនលោកស្រីក៏ធ្លាប់មានប្តី មានកូនដល់ទៅ៥នាក់ផងនោះ។ លោកស្រីបានប្រាប់ទៀតថា លោកស្រីជា​មនុស្ស​មួយ​រូប​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ការងារ ក្លាយជា​ចៅសង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​រយៈពេល​១៥​ឆ្នាំ គឺ​៣​អាណត្តិ​ក្រុមប្រឹក្សា​សង្កាត់​មក​ហើយ និង​បន្ត​ធ្វើ​ជា​ចៅសង្កាត់​អាណត្តិ​ទី​៤​នេះ​ រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ដែរ ។
ថ្វីត្បិតតែលោកស្រីមានវ័យចំណាស់បន្តិចក្តី តែលោកស្រីមាន​សាមគ្គីភាព​ និងភាពស្វាហាប់នៅក្នុងការបម្រើពុកម៉ែបងប្អូន ទទួល​បានការ​គាំទ្រ​ និង​ការ​ស្រឡាញ់​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស មានការ​ទទួលស្គាល់​ពី​ថ្នាក់ដឹកនាំ​កំពូល​ៗ​ទៀត​ផង ។
លោកស្រីក៏បានរៀបរាប់ពីជីវិតដ៏កំសត់របស់លោកស្រីថា "លោកស្រីធ្លាប់មានប្តីនិងកូនចំនួន៥នាក់ ប៉ុន្តែជីវិតរបស់លោកស្រី ជួប​តែ​ការ​និរាស​ព្រាត់ប្រាស់​ រក​ទីបំផុត​គ្មាន ដោយ​ប្ដី​និង​កូន​ទាំងអស់​បាន​ស្លាប់​នៅ​ក្នុង​របប​បន​ប្រល័យពូជសាសន៍​ប៉ុ​ល ពត អស់​គ្មាន​សល់។ ប្តីរបស់គាត់ បាន​ស្លាប់​ ដោយ​ការ​ប្រហារជីវិត និង​កូន​ៗ​ស្លាប់​ដោយ​ការ​បង្អត់អាហារ នៅ​សល់​តែ​លោកស្រី​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់ ។
ដោយការតស៊ូក្នុងភាពឯកា និងឈឺចាប់ ផងនោះ លោកស្រីស៊ូទ្រាំរហូតដល់ថ្ងៃរំដោះ ៧មករា ទើបលោកស្រីមានជីវិតថ្មី ហើយក៏បានរស់មកដល់បច្ចុប្បន្ន។ នៅក្នុងជីវិតលោកស្រីមិនដែលគេងស្រួលម្តងណាឡើយ ភាពខ្មៅងងឹតនៅតែដិតជាប់នឹងភ្នែករាល់ថ្ងៃ ដោយការព្រាត់ប្រាស់ប្តី កូនជាទីស្រលាញ់។ ដោយសារតែភាពវេទនា ភាពកំសត់ ព្រាត់ប្រាស់ដ៏ធំធេងនេះ លោកស្រី បាន​បួងសួង​ជាប់​ជា​និច្ច​ថា បើ​ខ្ញុំ​មិន​ស្លាប់​ទេ ហើយ​បើ​មាន​នរណា​ជួយ​រំដោះ​បាន ​ខ្ញុំ​និង​សងគុណ​ឲ្យ​ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ និង​ស្មោះត្រង់​ជាមួយ​អ្នក​នោះ​ជា​រៀងដរាប​តទៅ មិន​អាច​បំភ្លេច​គុណូបការៈ​នោះ​អស់​មួយ​ជីវិត ។ លោកស្រីក៏បានប្រាប់ឲ្យដឹងថា លុះដល់ថ្ងៃទី៧​ មករា ឆ្នាំ​១៩៧៩ ទើប​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា វាយ​រំដោះ​ទីក្រុង​ភ្នំពេញ ។ ប៉ុន្តែ​ខ្ញុំ​បាន​រង់ចាំ​រហូត​ដល់​អំឡុង​ខែឧសភា ឆ្នាំ​១៩៧៩ ទើប​កងទ័ព​ចូល​ទៅ​រំដោះ​ខេត្តពោធិ៍សាត់​ បាន​ទាំងស្រុង ហើយ​​នៅ​ក្នុង​ខែមិថុនា​ឆ្នាំ​ដដែល​នោះ ទើប​ខ្ញុំ​បាន​ចាក​ចេញពី​ខេត្តពោធិ៍សាត់​មក​រស់នៅ​ស្រុក​កំណើត​ខាង​ប្ដី​នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រហូត​មក​ដល់​សព្វថ្ងៃ ។ ក្រោយពីរំដោះរួចហើយ លោកស្រីក៏បានចូលបម្រើការ អង្គការរ៉ាក់ ទាក់ទងនិងជំងឺអេដស៍ កាមរោគផ្សេង។ លោកស្រីក៏៏បានបន្តទៀតថា កាលពីមុនលោកស្រីក៏ធ្លាប់មានម៉ូតូជិះដែរ តែដោយសារតែឃើញពីភាពលំបាក របស់ស្មៀនពេក លោកស្រីក៏បានប្រគល់ម៉ូតូឲ្យទៅស្មៀនតែម្តងទៅ។ ក្រោយៗមកទៀត ក៏មានលោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា លោក គិត សុ​ផា តែងតែផ្តល់ម៉ូតូជូនលោកស្រីជាបន្តបន្ទាប់តែដោយសារតែអាណិត ដល់ស្មៀន និងអ្នកធ្វើការជាមួយគ្មានម៉ូតូជិះ​ លោកស្រីក៏សម្រេចចិត្តប្រគល់ម៉ូតូជូនពួកគាត់ទៀតទៅ ទើបរហូតសព្វថ្ងៃលោកស្រីនៅតែជិះកង់ដដែល។ ជាចុងក្រោយលោកស្រី បានលើកម្រាមដៃដប់អរគុណដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែលបានផ្តល់កំណើតទី​២​ឲ្យ​ខ្ញុំ និង​ប្រជាជន​ទូ​ទាំង​ប្រទេស ។ ដោយ៖ និស្ស័យ