បុរស២នាក់ដែលប្លន់ទូ ATM ធនាគារ ABA នៅខណ្ឌដូនពេញ តុលាការផ្តន្ទាទោស ដាក់គុក ៦ឆ្នាំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម សម្រេចផ្តន្ទាទោស បុរសជនជាតិ រុស្ស៊ី ២នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ៦ឆ្នាំ ពាក់ព័ន្ធ សំណុំរឿង ប្លន់ទូ ATM របស់ធនាគារ ABA។
ជនជាប់ចោទទី១ឈ្មោះ ZAMETNYA ALEXANDER ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិរុស្សី និងទី២ឈ្មោះ TELENKOV IVAN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ រុស្សី ត្រូវបានតុលាការចោទប្រកាន់ពី បទ លួចមានស្ថានទម្ងន់ទោស (ប្លន់) គាស់ប្រាក់ពី ទូATM របស់ធានាគារ ABA ប្រព្រឹត្តកាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ និងបទ ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅជនជាប់ចោទ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន ដោយសារតែពួកគេគ្មានលុយជិះយន្តហោះទៅប្រទេសកំណើតវិញ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។