ជនជាតិវៀតណាម១១នាក់ ចូលមកស្នាក់នៅនិងរកស៊ីដោយខុសច្បាប់នៅខណ្ឌឬស្សីកែវ ត្រូវកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ចុះឃាត់ខ្លួន
-

ភ្នំពេញ ៖ ​​កម្លាំងចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចុះឃាត់ខ្លួនជនជាតិវៀតណាមចំ​នួន​​១១នាក់ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។

ក្នុងកិច្ចប្រតិបត្តិការណ៍ចុះឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងកាហ្វេ តាមបណ្តោយ​ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ដែលជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ប្រតិបត្តិការណ៍នេះ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរា​ជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី។
លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា បានបន្តថាកម្លាំងជំនាញ​បានពិនិត្យឃើញជនបរទេសចំនួន​១១នាក់ ស្រី​០៤នា​ក់ ជាជនជាតិវៀតណាម បានកំពុងកាន់កាប់ និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។​
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង ចំ​នួន​​១១នាក់ខាងលើ​​​​ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីសាកសួរ និងពិនិត្យឯកសារតាមនីតិវិធីបន្ត៕
ដោយ៖ ភារ៉ា