លោកអភិបាលខណ្ឌដង្កោនៅតែបន្តចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុង និងលូដែលទើបស្ថាបនារួច
-

ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិបន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពិនិត្យផ្លូវបេតុង និងប្រព័ន្ធលូ ដែលទើបស្ថាបនារួច ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក។

ឯកឧត្តមអភិបាលបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ព្រមទាំងផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរបានគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនទាំងអស់។ ឯកឧត្តមអភិបាលខណ្ឌ ក៏បានទទួលយកសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយជូន និងបានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរទ្វេរដងបន្ថែមទៀត ស្របតាមអនុសាសាន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនប្រជាពលរដ្ឋក្នុងភូមិបុរីកម្មករ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដែលបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ហើយតាមរយៈផ្លូវបេតុង និងប្រព័ន្ធលូថ្មីនេះ នឹងជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់យ៉ាងច្រើន ជាពិសេសសម្រួលដល់ការធ្វើដំណើរ បញ្ជៀសការលិចលង់នៅពេលភ្លៀង មានសោភណ្ឌភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដែលពីមុនផ្លូវនេះជាផ្លូវដី និងមានទឹកលិចនៅពេលមានភ្លៀងធ្លាក់ម្តងៗ ពិបាករស់នៅ និងធ្វើដំណើរទៀតផង៕
ដោយ៖ ជីម ភារ៉ា