អាណិតស្ទើរតែខ្លោចចិត្ត!!! ខណៈប្ដីគ្មានលទ្ធភាពធ្វើបុណ្យសពឲ្យប្រពន្ធ ហើយត្រឹមបីសពប្រពន្ធយកទៅវត្តដើម្បីបូជាក៏គ្មាន......
-

ភ្នំពេញៈ ស្ត្រីម្នាក់បានឈឺធ្មេញហើមថ្គាមជាច្រើនថ្ងៃ តែប្តីអត់លុយនាំប្រពន្ធទៅពេទ្យ ក៏បណ្តាលឱ្យប្រពន្ធឈឺចុកចាប់រហូតដល់ស្លាប់នៅកន្លែងស្នាក់នៅក្បែរចិញ្ចើមផ្លូវ ទុកឱ្យបុរសជាប្តីយំសោកសង្រេងអាណិតប្រពន្ធខ្លោចចិត្ត រួមទាំងគ្មានលុយធ្វើបុណ្យសពឱ្យប្រពន្ធ ទើបបុរសជាប្តីសម្រេចបីសពប្រពន្ធដើរចូលវត្ត ដើម្បីសុំតាអាចារ្យ បូជា បង្កើតជាទិដ្ឋភាពដ៏សោកសៅ និងធ្វើឱ្យអ្នកដែល ប្រទះឃើញរន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នា ដោយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្តីប្រពន្ធទុរគតខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ទាំងពីរនាក់ ប្តីប្រពន្ធប្រកបរបរដើររើសអេតចាយ និងស្នាក់នៅ ជាប់របងវត្តស្ទឹងមានជ័យ ទីតាំងកើតហេតុខាងលើ។ តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា គាត់និងប្រពន្ធនេះ (ស្ត្រីរងគ្រោះ) ទើបនឹងបានគ្នាជាប្តីប្រពន្ធរយៈពេលប្រមាណ ១ខែប៉ុណ្ណោះ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។ ក្រោយពីចាប់ដៃគ្នាមក ពួកគាត់បានចាប់យករបរដើររើសអេតចាយជាមួយគ្នា គ្រាន់បានប្រាក់យកមកដោះស្រាយជីវភាព និងរស់នៅប្រកបដោយសុភមង្គល។
បុរសជាប្តីស្ត្រីរងគ្រោះបន្តថា កាលពីជាង១ សប្តាហ៍មុននេះ ប្រពន្ធរបស់គាត់ បានចាប់ផ្តើមឈឺធ្មេញ ទើបគាត់បានខំទៅរកផ្សំថ្នាំយកមកឱ្យប្រពន្ធលេប ប៉ុន្តែមិនបានធូរស្បើយសោះ ផ្ទុយទៅវិញ កាន់តែឈឺលើសដើម និងថែមទាំងហើមថ្គាម ព្រមទាំងឈឺបំពង់កហូបអ្វីក៏មិនបានទៀតផង ឃើញបែបនេះ គាត់ក៏នាំប្រពន្ធទៅឱ្យអ្នកលក់ថ្នាំពេទ្យមើល ក៏ត្រូវគេណែនាំថា ស្ថានភាពបែបនេះ ទាល់តែនាំទៅរកគ្រូពេទ្យធ្មេញទើបបាន ប៉ុន្តែគាត់អត់មានលទ្ធភាព នាំប្រពន្ធទៅពេទ្យទេ បានត្រឹមផ្សំថ្នាំ១គ្រាប់ ២គ្រាប់ឱ្យប្រពន្ធលេបប៉ុណ្ណោះ។ លុះមកដល់យប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ គាត់ក៏ សម្រេចចិត្តទៅរកលុយកាក់ពីឪពុកម្តាយ និងបងប្អូននៅស្រុកកំណើត បំណងយកមកនាំប្រពន្ធទៅមន្ទីរពេទ្យរុស្ស៊ី ដោយគិតថា ចាំរកលុយកាក់ពីស្រុកបានត្រឡប់មកវិញ នឹងទំនាក់ទំនងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដឹកប្រពន្ធទៅពេទ្យរុស្ស៊ី ក្រែងអស់សោហ៊ុយ ព្យាបាលតិចតួច។ បុរសជាប្តីរូបនេះ បានឱ្យដឹងទៀតថា លុះមកដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីបានឪពុកម្តាយ និងបងប្អូនរៃលុយគ្នាឱ្យបាន ប្រមាណ៧-៨ម៉ឺនរៀល គាត់ក៏ប្រញាប់ត្រឡប់មករកប្រពន្ធវិញ នឹកថា មានលទ្ធភាពនាំប្រពន្ធទៅពេទ្យហើយ ស្រាប់តែមកដល់ ឃើញប្រពន្ធហាក់មានអាការៈល្ហិតល្ហៃ ទន់ដៃជើង ទើបគាត់ យកកន្ទេលក្រាលលើចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ រួចដាក់ប្រពន្ធឱ្យដេក និងបានហៅ ប្រជាពលរដ្ឋក្បែរខាងឱ្យមកជួយមើល ស្រាប់តែអកុសលប្រពន្ធរបស់គាត់ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
បុរសជាប្តី បានបញ្ជាក់ថា ដោយសារតែជីវភាពទីទ័លក្រខ្លាំងពេក ទើបគាត់គ្មានលុយយកប្រពន្ធ ទៅព្យាបាលនៅមន្ទីរពេទ្យ ជាហេតុធ្វើឱ្យប្រពន្ធត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ មិនតែប៉ុណ្ណោះ ពេលប្រពន្ធស្លាប់ទៅ គាត់ក៏មិនមាន ប្រាក់ដើម្បីរៀបចំធ្វើបុណ្យសពឱ្យប្រពន្ធឱ្យបានត្រឹមត្រូវដែរ សូម្បីតែកន្លែងតម្កល់សព ក៏គ្មានសមរម្យនឹងគេ បានត្រឹមក្រាលកន្ទេលលើចិញ្ចើមផ្លូវ រួចដាក់សពប្រពន្ធពីលើ ទាំងគ្មានក្រណាត់សអ្វីមកគ្របសពប្រពន្ធឡើយ៕ ដោយៈ ភារ៉ា