រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរបួសធ្ងន់ស្រាល៧នាក់នៅផ្លូវជាតិលេខ៦
-

កំពង់ចាម ៖ មនុស្ស៧នាក់បានរងរបួសធ្ងន់ស្រាល ខណះជួបនិងគ្រោះថ្នាក់ចរាចររវាងរថយន្ត៣គ្រឿងបុកគ្នានិងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពងចាម។

នគរបាលចរាចរស្រុកជើងព្រៃឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកស៊ើប ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ២F-៥៤៨៧ បើកបរដោយឈ្មោះ លន់ ប៊ុនឈាង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រថយន្តនេះបើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តម៉ាកគា ពាក់ស្លាកលេខភ្នំពេញ២S-៣១៦៤ បើកបរដោយឈ្មោះ ព្រឿង ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកក្នុងទិសពីកើតទៅលិច ។ សមត្ថបកិច្ចបន្តទៀតថា នៅគ្រាដែលកំពុងកើតមានគ្រោះថ្នាក់ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ២AT-៣៣៦២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីកើតទៅលិចជ្រុលបុករថយន្តម៉ាកគាបន្ថែមទៀត ។
តាមកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះបានបណ្តាលឱ្យមនុស្ស​០៧​​នាក់ បានរងរបួសធ្ងន់ក្នុងនោះមានប្រុស០៤នាក់ និង៣នាក់ទៀត (ប្រុស០២នាក់ ស្រីម្នាក់ រងរបួសកម្រិតមធ្យម )។ ចំណែករថយន្ត០៣គ្រឿង មាន២គ្រឿងបានរងការខូចខាតធ្ងន់ ។ កំណត់ហេតុបញ្ជាក់ទៀតថា មូលហេតុរថយន្តម៉ាកស៊ើបបែកកង់ ក៏រេចង្កូតឆ្លងគន្លងផ្លូវម្ខាងទៀត ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ៕
ដោយៈ ភារ៉ា