រាជធានីភ្នំពេញ ៖ ដោយសារតែការផ្វេសប្រហែសរបស់បុរសម្នាក់បានធ្វើឲ្យអគ្គីភ័យបង្កការឆាបឆេះគ្រែពូកក្នុងផ្ទះសំណាក់ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ០៨ព្រឹក ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះសំណាក់ គ្រីស បន្ទប់លេខ៣០៨ ជាន់ទី៣ ភូមិ១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានផ្សែងហ៊ុយចេញពីបន្ទប់លេខ៣០៨ បង្កជាអណ្ដាតភ្លើងឆាបឆេះពូក រាលដាលឆេះ គ្រែ ដែលបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនរលត់ ក៏បានរាយការណ៍ទៅ ករិយាល័យបង្កា និងពន្លត់គ្រោះអគ្គីភ័យអោយជួយអន្តរាគមន៍ភ្លាមៗ។ មួយសន្ទុះក្រោយមក មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថាគ្រោះអគ្គីភ័យនេះប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន០១គ្រឿង ។ ចំណែកមូលហេតុដែលបង្កអោយឆាបឆេះនេះសមត្ថកិច្ចមូលរដ្ឋានបញ្ជាក់ថា បណ្ដាលមកពីបោះចោលកន្ទុយបារី មិនប្រយ័ត្នទើបបង្កជាអគ្គិភ័យឆាបើឆេះ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយហើយក៏មិនរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ៕





ដោយៈ ភារ៉ា