មួយភ្លែតសោះ មានរថយន្តទំនើបពីរគ្រឿងបើកបុកទ្រូងផ្លូវមួយខ្សែពីរកន្លែងផ្សេងគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ណារ៉ា
-

ភ្នំពេញ ៖ ក្នុងរយះពេលមួយ១ម៉ោងសោះ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ និងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់តាំងពីអតីតរង្វង់មូលទួលគោក រហូតទៅដល់អង់តែនទួលគោក បានរងការខូចខាតយ៉ាងដំណំ ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបពីរគ្រឿង និងស្របពេលដែលមេឃឈប់ភ្លៀងផងដែរ ។

ករណីទី១ នៅវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានរថយន្តបង្កស៊េរីទំនើបម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ- 0855 ដែលបើកបរដោយបុរសម្នាក់មានសភាពស្រវឹងស្រា បានបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៨៩យ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកអស់២កង់ ឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។ ដោយរំលងបានប្រហែល៣០នាទីក្រោយ នៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាតថ្ងៃដដែល ហើយហូសពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក៏មានករណីទី២កើតឡើងបង្កដោយរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0348 បានបុករបាំងពុះចែកទ្រូវផ្លូវវៀចអស់មួយកង់ ឯរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តពីរគ្រឿងបើកបុកទ្រូងផ្លូវខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រូងផ្លូវរបស់រដ្ឋ រថយន្តបង្កតែប៉ុណ្ណោះ ។ ហើយក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរក៏បានគេចខ្លួនពីកន្លែងកើតហេតុចោលរថយន្តខ្លួនឯងផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទាំងពីរគ្រឿងទៅរក្សាទុក រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕