បរទេស៖ ស្បែកជើងអាចជាចំណែកមួយយ៉ាងសំខាន់ សម្រាប់ការរស់នៅរបស់មនុស្ស។ តែបើនិយាយសម្រាប់មនុស្សស្រីវិញ ស្បែកជើងពិតជាសំខាន់ខ្លាំងណាស់។ ការច្នៃម៉ូដ និងរចនា តម្រូវចិត្តមនុស្សស្រី ដែលចង់បានភាពស្រស់ស្អាត លេចធ្លោ គ្រប់ពេលគ្រប់កាលៈទេសៈ។

Reuters កាលពីពេល ថ្មីៗនេះ ស្បែកជើងមួយគូដាំដោយពេជ្រ បានដាក់លក់នៅក្រុងឌូបៃមានតម្លៃ១៧លានដុល្លារ អាចជាតម្លៃខ្ពស់បំផុតនៅលើពិភពលោក ។ស្បែកជើងនេះបានដាក់តាំងបង្ហាញនៅក្នុងទូកញ្ចក់មានរាងដូចគ្រាប់ពេជ្រនៅបរិវេណជាន់លើ ក្នុងសណ្ឋាគារ«Burj Al Arab» និងផលិតពីស្បែកពណ៌មាសមានដាំពេជ្រជាង១០០ការាត់ នៅពីលើផ្លាទីន ។

តាមសំដីរបស់លោកHemant Karamchandani ប្រធានហាងពេជ្រ«Passion Jewellers» ផលិតស្បែកជើងពេជ្របានបញ្ជាក់ថា «យើងឃើញមនុស្សមានលទ្ធភាពទិញមួយចំនួននៅទីនេះ ព្រោះឌូបៃជាក្រុងនៃសេដ្ឋកិច្ច និងមានមហាសេដ្ឋីច្រើននាក់ ទៅថ្ងៃអនាគតយើងនឹងចេញម៉ូដ និងផលិតស្បែកជើងតាមការបញ្ជារបស់អតិថិជន មិនត្រឹមតែពេជ្រប៉ុណ្ណោះទេ អាចត្បូងតាមចំណង់ចិត្ត» ។គោលគំនិតស្បែកជើងដាំពេជ្រនេះកើតចេញពីការច្នៃប្រឌិតរបស់នាងម៉ារីយ៉ា ម៉ាចានី(Maria Majari) ស្ត្រីសញ្ជាតិអង់គ្លេសដើមកំណើតរ៉ូម៉ានី អាយុ២៦ឆ្នាំប្រពន្ធរបស់លោកKaramchandani ។ នាងបានសិក្សាផ្នែកការចេញម៉ូដទាំងនៅឌូបៃ និងក្រុងឡុងដ៍ បានសង្កេតឃើញពីគម្លាតនៅក្នុងទីផ្សារដែលមានតែសម្លៀកបំពាក់ និងកាបូបមានតម្លៃខ្ពស់ ប៉ុន្តែគ្មានស្បែកជើងតម្លៃថ្លៃទើបច្នៃឲ្យមានបែបនេះ ៕

