កម្លាំងនគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាបទីតាំងជល់មាន់ ខុសច្បាប់តាមអនឡាញមួយកន្លែង
-

ខេត្តកោះកុងៈ កាលពីវេលាម៉ោង១៧ៈ៤០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំផ្ទាល់ដោយលោក ហេង លាង អធិការក្រុង បានចុះធ្វើការបង្រ្កាបទីតាំងល្បែងប្រជល់មាន់ខុសច្បាប់តាមអនឡាញមួយកន្លែង។ ដោយបានឃាត់ម៉ូតូចំនួន១៣គ្រឿង ទូរទស្សន៍១គ្រឿង កំព្យូទ័រ១គ្រឿង។

ជុំវិញករណីនៃការបង្រ្កាបខាងលើ លោក ហេង លាង អធិការកក្រុងខេមរភូមិន្ទ នៅពុំទាន់បានផ្តល់ពត៍មានណាមួយ អោយបានច្បាស់នៅឡើយទេ ដោយលោកបានប្រាប់ថា គិតមកដល់ថ្មើរនេះនៅពុំទាន់មានម្ចាស់ម៉ូតូណាម្នាក់ ចូលខ្លួនមកដោះស្រាយនៅឡើយនោះទេ ហើយលោកក៏មិនទាន់រកឃើញភស្តុតាងណាមួយ សម្រាប់ដាក់បន្ទុកលើម្ចាស់ទីតាំងបាននៅឡើយដែរ។ បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕