កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះ អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត បាននិទានរឿងមួយបង្ហោះលើបណ្ដាញសង្គមដោយដាក់ចំណងជើងថា៖ «លក់ក្រាសឲ្យព្រះសង្ឃ» ។

កញ្ញាសរសេររៀបរាប់ថា៖ រឿងនិទាន «លក់ក្រាសឲ្យព្រះសង្ឃ»៖
គ្រូបង្រៀនផ្នែកលក់ម្នាក់ឲ្យសិស្សរបស់ខ្លួនបីនាក់ប្រជែងគ្នាលក់ក្រាសឲ្យព្រះសង្ឃ។
សិស្សទីមួយចេញទៅ ត្រឡប់មកវិញ លក់បានតែក្រាសមួយ គ្រូក៏សួរ ហេតុអ្វីឯងលក់បាន សិស្សក៏ឆ្លើយថា ព្រោះព្រះសង្ឃអាណិតទើបព្រះសង្ឃទិញ។
សិស្សទីពីរត្រឡប់មកវិញ ប្រាប់ថា លក់បានប្រាំក្រាស គ្រូក៏សួរហេតុផល សិស្សប្រាប់ថា ព្រះសង្ឃទិញយកទៅឲ្យដូនជីដែលមានប្រាំអង្គ។

សិស្សទីបីត្រឡប់មកវិញថា លក់បានមួយរយក្រាស គ្រូក៏ភ្ញាក់ផ្អើល រួចក៏សួរ សិស្សប្រាប់ថា ខ្ញុំនិយាយបញ្ចុះបញ្ចូលគាត់ថា ខ្ញុំមកទីនេះ មិនមែនមកលក់ក្រាសថ្វាយព្រះអង្គទេ តែចង់ឲ្យព្រះអង្គទិញក្រាសសម្រាប់ដាក់ជាវត្ថុអនុស្សាវរីយ៍ជូនអ្នកមកអុចធូប ហើយកាលណាព្រះអង្គប្រាប់គេថា អុចធូបទទួលបានក្រាសជាវត្ថុអនុស្សាវរីយ៍ គេក៏នាំគ្នានិយាយតៗគ្នា វត្តរបស់ព្រះអង្គនឹងកាន់តែមានពុទ្ធបរិស័ទច្រើនជាងគេ ខ្ញុំពន្យល់តែប៉ុននេះ ព្រះសង្ឃក៏យល់ស្រប រួចក៏កុម្ម៉ង់ក្រាសខ្ញុំមួយរយក្រាសតែម្តង ហើយស្រាប់តែឥឡូវគាត់ចង់កុម្ម៉ង់ក្រាសខ្ញុំថែមពីររយទៀត។
គ្រូ និងសិស្សផ្សេងទៀត ក៏នាំគ្នាស្ញើចសរសើរ៕
