ខេត្តកណ្តាលៈ កាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មានករណីសម្រាលកូន ស្លាប់ម្ដាយមួយទៀតហើយ នៅចំណុចមន្ទីរពេទ្យមិត្តភាព កម្ពុជា គុយវែត ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយជនរងគ្រោះឈ្មោះញ៉ី ស៊ីយាត ភេទស្រី អាយុ២៦ឆ្នាំ ស្រុកកំណើតនៅភូមិបាយសី សង្កាត់ស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ក្រុងប៉ៃលិន។ សព្វថ្ងៃស្នាក់នៅឡឥដ្ឋពន្លឺព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល មុខរបរ កម្មករឡឥដ្ឋ សំរាលកូនទី៣ (ស្លាប់)។

គ្រូពេទ្យឆ្មបចំនួន២នាក់ ១.ឈ្មោះ ចាន់ ថុនភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះលេខ៥៥ ក្រុម៦ ភូមិកណ្ដាលទី១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ពេទ្យឆ្មប ។ ២.ឈ្មោះ សុវណ្ណ វិរៈ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពោធិកិល ឃុំសួងស្រុកត្បូ ងឃ្មុំខេត្តត្បូងឃ្មុំ មុខរបរ គ្រូពេទ្យ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថាៈ កាលពីវេលាម៉ោង៥:០០នាទីព្រឹក ថ្ងៃទី២១.១០.២០១៨ ជនរងគ្រោះបានទៅសំរាកដើម្បីសម្រាលកូន (ទី៣) នៅមន្ទីរពេទ្យកម្ពុជាគុយវែត។ លុះមកដល់វេលាម៉ោង៩:០០នាទី ជនរងគ្រោះបានចាប់ផ្ដើមសម្រាលកូន ដោយមានអ្នកគ្រូពេទ្យឆ្មបឈ្មោះចាន់ ថុន និងគ្រូពេទ្យឈ្មោះសុវណ្ណ វិរៈជាអ្នកសម្រាល។ ក្រោយពីសម្រាលកូនរួចបានរយៈពេលមួយម៉ោង ជនរងគ្រោះចាប់ផ្ដើមមានអាការ:ធ្លាក់ឈាមតាមទ្វារមាស បន្ទាប់មកគ្រូពេទ្យ និងឆ្មប បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅ មន្ទីរពេទ្យលោកសង្ឃ (ភ្នំពេញ) ដោយដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានចាក់ថ្នាំថែមទៀតបានរយៈពេលកន្លះម៉ោង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅទីនោះតែម្ដង ហើយបានដឹកសពជនរងគ្រោះ ទៅតម្កល់ទុកធ្វើបុណ្យនៅវត្តពោធិ៍មង្គល ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល។ ករណីនេះ សមត្ថកិច្ច បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និង ផ្នែកសុខាភិបាលចូលរួមធ្វើការពិនិត្យ តាមនីតិវិធី ៕

