ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ១០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាលាវ៉េសស្តើន ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ មានករណីចោរវ័យក្មេង២នាក់ ឆក់ទូរស័ព្ទដៃស្រ្តីម្នាក់។

មុនពេលកើតហេតុ ស្រ្តីម្នាក់និងកូនស្រី រួមទាំងក្មួយប្រុសតូចៗចំនួន២នាក់ បានជិះម៉ូតូកង់បី មួយគ្រឿងម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-7304 ដែលបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត។ ដោយជិះចេញពីផ្ទះនៅម្តុំកាំខូស៊ីតធី បំណងជិះទៅញ៉ាំសាច់អាំងនៅម្តុំផ្សារទួលគោក។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស គ្មានស្លាកលេខ ជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងម៉ាក សាំសុងអេហ្វាយ ពីជនរងគ្រោះដែលកំពុងតែកាន់លេង តែមិនបានសម្រេច។ ភ្លាមៗនោះអ្នកបើកម៉ូតូកង់បីខាងលើ ឃើញដូចក៏បើកម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យដួល បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះចេញមកជួយចាប់បាន រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។ ជនសង្ស័យទី១.មួយមានឈ្មោះ ឌី ដារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២មានឈ្មោះម៉ៅ បញ្ញា អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ៕
