ក្រុងព្រះសីហនុៈ តាមរយៈប្រភពហ្វេសប៊ុករបស់ រដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងមុននេះបន្តិចថា ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតសំរាប់អ្នកក្រុងព្រះសីហនុ ប្រើប្រាស់ទៀតហើយថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសំរាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតសំរាប់កែលម្អរអោយទៅជាសួនរមនីយដ្ឋានទេសចរណ៍។

នៅក្នុងគម្រោងដែលបានគ្រោងទុក ក៍មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងអោយក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។
ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់អោយការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព ៕









