ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ មុនកើតហេតុ ខណ:ដែលជនរងគ្រោះ មានឈ្មោះ ស្តើង ថាញ់ ភេទស្រី អាយុ៣២ឆ្នាំ ក្រមុំចាស់ មិនដែលធ្លាប់មានស្នេហា ប្រកបមុខរបរ ជាកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយមីង នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ កំពុងដើរចេញពីផ្ទះទៅដល់មុខរោងចក្រក្រោន ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ជួបស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ មានរើសបានកញ្ចប់មាសអត់ ?

ទោះជាឆ្លើយថាមិនដឹង ក៏មានស្ត្រីម្នាក់និងប្រុសម្នាក់ទៀត ជាបក្ខពួកដែរនោះជិះម៉ូតូ មកដល់ប្រាប់ថាកុំមាត់ គេរើសបាន ទុកចែកគ្នា ទើបឈានដល់ទាក់ពាក្យ ទាក់សម្តីគ្នា លួងហៅឲ្យឡើងជិះម៉ូតូ ដោយប្រាប់ថា ទៅកាត់ ដូរចែកគ្នានៅផ្សារជម្ពូវ័ន ដោយចិតលោភលន់ ឃើញគេលាថង់ឲ្យមើល ឃើញលោហ:ក្រហមច្រាល ចង់បានចំណែកដែរ ក៏ទៅតាមជាមួយ ដោយធ្វើដំណើរម៉ូតូ២គ្រឿង សរុបជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ទៅដល់ខាងលិចផ្សារជម្ជូវ័ន ហើយបានឈប់ ជនសង្ស័យហុចថង់មាសឲ្យកាន់ ហើយដោះយក ក្រវិល ខ្សែក ចិញ្ចៀន អស់ពីខ្លួនរលីង សរុប៧ជីមាស រួចឲ្យរង់ចាំ ពួកគេចូលផ្សារដើម្បីដូរ កាត់ចែកគ្នា។

ដោយចាំបាត់ៗមិនឃើញវិលវិញ ម្យ៉ាងដល់ម៉ោងធ្វើការផង ដោយក្តីត្រេកអ ថ្វីត្បិតគេយកទៅអស់៧ជីមែន តែក្នុងថង់ ខ្សែកធ្ងន់ជាងរបស់ខ្លួន ខេបខុប នឹកថាឈ្នះហើយ កាន់យកទៅឲ្យម្តាយមីង ជួយទុក គេដូរមាសឈ្នះហើយ តែធាតុពិត ជាខ្សៃកក្រឡៃ ជ្រលក់ពណ៌ក្រហមទៅវិញ ពេលនោះហើយទើបដឹងខ្លួនដូចខ្មោច៧ថ្ងៃ ចាញ់ល្បិចគេហើយ ៕

