ចំការអំពៅជាង៦ហិកតា ត្រូវបានភ្លើងឆេះ សមត្ថកិច្ចសង្ស័យមានគេលួចដុត ព្រោះតែ....
-

ស្វាយរៀងៈ កាលពីវេលាម៉ោង១២ៈ៥០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចំការអំពៅជិតព្រំដែនវៀតណាម ស្ថិតក្នុងភូមិបាត់ថង់ ឃុំគគីរសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំការអំពៅចំនួន៦,៥០ហិកតា ត្រូវបានព្រះអគ្គីលេបត្របាក់ សមត្ថកិច្ចសង្ស័យថា មានមនុស្សលួចដុតបំផ្លាញចោល។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយការឆេះទើបអ្នកយាមចំការអំពៅប្តឹងមកសមត្ថកិច្ច និងរាយការណ៍ទៅម្ចាស់ក្រុមហ៊ុន គឺលោក កុយ សារ៉េន ហើយក៍បានយកគ្រឿងចក្រពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន គឺត្រាក់ទ័រទៅពន្លត់ចំនួន៦គ្រឿង រហូតដល់ម៉ោង២ៈ០៥នាទីរសៀល ទើបពន្លត់បានជោគជ័យ។

លោក កុយ សារ៉េន បានថ្លែងថា ជនខិលខូចតែងតែលួចដុតអំពៅខណៈអំពៅជិតដល់រដូវប្រមូលផល ពេលអំពៅកំពុងធ្វើដើមមានក្មេងដេញគោក្របីឲ្យចូលស៊ី រីឯមនុស្សចាស់ចូលលួចកាត់ចុងអំពៅយកទៅឲ្យគោក្របីស៊ី ដល់ពេលជិតដល់ប្រមូលផលមក លួចដុតបំផ្លាញចោល។ ជាមួយគ្នាលោកក៍បានសំណូមពរឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកមុខជនបង្កអគ្គីភ័យ មកផ្តន្ទាទោសតាមច្បាប់ ៕