ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សំបុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ!!!​ ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ App ថ្មីមួយ ដើម្បី​ទទួល​ព័ត៌មាន​ រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវខូច
-

ភ្នំពេញៈ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា​ ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ បើកបរ​រថយន្ត​ធុន​ធ្ងន់បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សំបុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ​។ ក្នុងនោះឯកឧត្តមក៏បានប្រកាសថា ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ App ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

មិនត្រឹមតែប៉ុននិង រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ ក្រសួង​ នោះនឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។ បើតាម​រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​App នេះ នៅ​ចុងឆ្នាំ​ខាងមុខ​ តែមិនទាន់មានការ​បញ្ជាក់ថា តើ ​App ​នោះ មាន​លក្ខណៈ​ដូចម្ដេច ? ហើយ​ត្រូវ​ទាញយក​មកប្រើប្រាស់​សម្រាប់​សុំ​អន្តរាគមន៍​ពី​ក្រសួង ដោយ​របៀប​ណា​នៅឡើយទេ ៕