បាត់ដំបងៈ កាលពីវេលាម៉ោង១៥ៈ១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើខ្នងភ្នំសំពៅ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានអោយដឹងថា ករណីនេះបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចឆក់កាបូបជនបរទេសឈ្មោះ COUGHLAN ANNA LOUISE ភេទស្រី អាយុ៤៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PA5584240 ជាជនជាតិ អូស្ត្រាលី ជាអ្នកទេសចរណ៍ ស្នាក់នៅក្រុងបាត់ដំបង តែមិនបានសម្រេច ដោយស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏រុញច្រានជនសង្ស័យចេញ ភ្លាមនោះជនសង្ស័យបានស្ទុះទាញយកដំបង មកវាយក្បាលជនរងគ្រោះ អោយរងរបួសបែកក្បាល រួចរត់គេចខ្លួនបាត់។

លោកបានបន្តថា ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខាត់ សេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ យកមកសាកសួរ។ ក្រោយធ្វើការឃាត់ខ្លួនសាកសួរ រួមនិងចម្លើយសារភាពផងនោះ ជនសង្ស័យពេលនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅតុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



