ជនជាតិចិនមួយក្រុម មានគ្នា៦.៧នាក់ រួមនិងខ្មែរម្នាក់ បើកការប្រយុទ្ធគ្នាក្នុងកោះពេជ្រ ផ្អើលសន្តិសុខ និងសមត្ថកិច្ចចុះអន្តគមន៍
-

ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ ជនជាតិចិនមួយក្រុម ដែលនាំគ្នាអុកឡុកនៅក្នុងកោះពេជ្រ ផ្អើលសន្តិសុខ និងសមត្ថកិច្ចចុះអន្តគមន៍ ឃាត់ខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត ភ្លាមៗយកខ្លួននាំទៅសាកសួរ។

ប្រភពពត៌មានពីសន្តិសុខម្នាក់ នៅក្នុងកោះពេជ្របានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5417 មួយគ្រឿង ដឹកជនជាតិចិនប្រមាណ៥ទៅ៦នាក់ ចូលមកក្នុងកោះពេជ្រ ឈប់ត្រង់ចំណុចអាគារអឺ ហើយជនជាតិចិនទាំងនោះ ក៏ចុះពីរថយន្តឈ្លោះប្រកែកគ្នា រហូតបានប្រតាយប្រតបគ្នា បណ្តាលឲ្យមានការភ្ញាក់ផ្អើល ឆោឡោ សន្តិសុខកោះពេជ្រ ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ និងតៃកុងរថយន្ត១នាក់ យកទៅទីស្នាក់ការកោះពេជ្រ  ចំណែកឯសេសសល់ បក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យនៅក្នុងរថយន្តឃើញមានខ្សែ (សៀល) សំរាប់ចងដៃ ហើយនាំខ្លួនជនជាតិទាំង៣នាក់ និងតៃកុងរថយន្ត ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ថែម ៕