លោកចោរថ្លើមធំមែន!!! ជនជាតិវៀតណាមម្នាក់ ចូលលួចទ្រព្យសម្បត្តិ ប៉ះផ្ទះនគរបាលវរការពារព្រំដែន៦០៥ ចុងក្រោយជាប់ខ្នោះ
-

​កណ្តាលៈ កាលពីវេលាម៉ោង២ៈ៥០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល​។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ម្ហូប មានទីលំនៅភូមិលេខ៤ ឃុំដុងគី ស្រុកអាងភូ ខេត្តអាងយ៉ាង​ ប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងករណី​ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ផ្ទះជនរងគ្រោះ​ឈ្មោះ ស សុខា ភេទ ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ នគរបាលវរការពារព្រំដែន៦០៥ មានទីលំនៅ​ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុក កោះធំ ខេត្ត​កណ្តាល​។

នៅមុនពេលកើតហេតុ ផ្ទះរបស់ជនរងគ្រោះជា ផ្ទះជួលបន្ទប់សម្រាប់ឲ្យគេស្នាក់នៅ រយះកាលកន្លងមកចេះតែបាត់សម្ភារ:របស់ភ្ញៀវ ដែលមកស្នាក់នៅជាច្រើនដង។ លុះនៅថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ៈ៥០នាទី ជនសង្ស័យបានឡើងទៅលើផ្ទះជនរងគ្រោះជាន់ទី២ ដើម្បីធ្វើសកម្មភាពលួចយកសម្ភារៈរបស់ភ្ញៀវដែលមកស្នាក់នៅ ហើយក៏ត្រូវបានភ្ញៀវ ជាជនជាតិ ឥណ្ឌូ​នេស៊ី និងម៉ាឡេស៊ីនិងកម្មករមើលផ្ទះ ដែលមកស្នាក់នៅជួលបន្ទប់ ផ្អើលឆោរឡោ ព័ទ្ធចាប់ឃាត់ខ្លួនបាន ហើយទូរស័ព្ទហៅជនរងគ្រោះជាម្ចាស់ផ្ទះ រួចក៏បាននាំខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាល រដ្ឋបាលសំពៅពូនតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ ឃាត់នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕