ប៉ៃលិនៈ កាលពីវេលាម៉ោងប្រហែល៨ៈ៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាត់ខ្សែកមាសទម្ងន់៣ជី ពីក្នុងបន្ទប់ ផ្ទះរបស់ស្រ្ដីម្នាក់ មានឈ្មោះ ធន ម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លុះព្រឹកឡើងម៉ោង៨ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រ្ដីរងគ្រោះបានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដាក់ពាក្យបណ្ដឹង។

ក្រោយពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ កម្លាំងជំនាញបានហៅឈ្មោះ ឃឹម មុំ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅទឹកដីប្រទេសថៃ មកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា វត្ថុតាងដែលបាត់នោះ ខ្លួនបានយកទៅកប់លាក់ទុកនៅមុខផ្ទះរបស់ជនរងគ្រោះ។ ក្នុងនោះដែរវត្ថុតាងដែលបាត់បង់មាន ខ្សែក២ខ្សែ រួមជាមួយនិងបន្តោង១ ធ្វើពីលោហធាតុពណ៌លឿង និងខ្សែដៃ១ខ្សែ ធ្វើពីលោហធាតុពណ៌លឿង។

បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ម្ចាស់ដើមវិញ។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


