ភ្នំពេញៈ កាលពីម៉ោង៨យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ យុវជនម្នាក់ មានឈ្មោះ ឆោម សុផល អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិ-ឃុំកើតហេតុខាងលើ។ ត្រូវបាននាងក្រមុំជាគូដណ្តឹង មានឈ្មោះ ឈាង ចន្ថា អាយុ២៣ឆ្នាំ មុខរបរកសិករ នៅផ្ទះ ភូមិចំការហ្លួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បានប្រើហិង្សាដាក់ បណ្តាលឱ្យរងរបួសដោយស្នាមក្រចក ដោយសារតែខឹងមិនឃើញទៅលេងក្រោយភ្ជាប់ពាក្យ ព្រោះតែមន្ទិលសង្ស័យខ្លាចកូនប្រុសបែកចិត្ត ក៏តាមស្វែងរកដល់ផ្ទះជួល។

តាមសាច់ញាតិខាងកូនប្រុសបានឲ្យដឹងថា អ្នកទាំង២បានភ្ជាប់ពាក្យនឹងគ្នារួចហើយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកតែចាស់ទុំសងខាងបានឯកភាពគ្នាហើយ ដោយមិនទាន់រើសថ្ងៃវេលាការនៅឡើយទេ ក្នុងហេតុផលមួយទុកឲ្យភាគីកូនប្រុស-ស្រីរកលុយសន្សំសិនត្រៀមបម្រុងទុក សមល្មមអាចធ្វើពិធីមង្គលការបាន ទើបដេញរករើសថ្ងៃវេលាចូលរោងការជាក្រោយ ។
ប្រភពបន្តទៀតថា ក្នុងរយៈពេល៥ខែ៤ថ្ងៃ គិតមកត្រឹមថ្ងៃកើតហេតុ កូនប្រុសក៏ធ្លាប់បានទៅលេងដល់ផ្ទះខាងស្រី៣ដងដែរ តែដោយសារជាប់រវល់នឹងការងារ ខិតខំសន្សំលុយសម្រាប់ធ្វើពិធីមង្គលការ ទើបអាក់ខានទៅលេងនាងជាគូរដណ្តឹង តែចិត្តមិនបានបែកឃ្លាតពីនាងឡើយ ពោលគឺសំខាន់រកលុយសន្សំលុយដោយមិនចាប់អារម្មណ៍ ហើយក៏មិននឹកស្មានដល់ចិត្តកូនស្រីមានគំនិតបែបផ្សេងយ៉ាងនេះសោះ ។
ប្រភពដដែលបន្តថា ស្រាប់តែនៅម៉ោងខាងលើ ក៏លេខមុខនាងជាគូរដណ្តឹង រួមដំណើរជាមួយសាច់ញាតិមកដល់បន្ទប់ជួលរករឿង និងចោទប្រកាន់ថា បែកចិត្ត ទើបអត់ទៅលេងទៀត សង្ស័យថាមានស្រីថ្មីទៅវិញ ទាមទារដោះយកខ្សែ.ក ខ្សែដៃ និងចិញ្ចៀនប្លាទីនរបស់កូនប្រុសផ្ទាល់ សរុបជាទឹកប្រាក់ជាង៥០០ដុល្លារ ដើម្បីយកទៅធ្វើជាធ្នាក់ទាក់អន្ទងចិត្តកូនប្រុសនឹកស្តាយរបស់ទ្រព្យត្រូវតែទៅលេងទៀត ។

ចំណែកភាគីខាងស្រីក្រោយពីដោះយកគ្រឿងអលង្ការពីកូនប្រុសហើយ បានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ក្នុងន័យចោទប្រកាន់ថា កូនប្រុសអត់ទៅលេងនាងទៀត តែដល់មន្ត្រីនគរបាល សាកសួរមិនទាន់ដឹងរឿងហេតុផលផង ស្រាប់តែនាំគ្នាគេចខ្លួនបាត់អស់ ។
ដោយឡែកភាគីខាងប្រុសគិតសព្វគ្រប់ទៅដូចជាហួសហេតុពេកនូវទង្វើររបស់ភាគីកូនស្រីដែលជ្រុលពេកហើយ គ្រាន់តែត្រឹមជាគូរដណ្តឹងសោះ ខឹងគេអត់ទៅលេង បែរជាចោទប្រកាន់ផ្តេសផ្តាស គ្មានសមហេតុផល ក៏សម្រេចចិត្តនាំគ្នាមកប៉ុស្តិ៍ប៉ូលិសដែរ តែខាងស្រីគេចទៅបាត់។ ហើយសមត្ថកិច្ចសាកសួរដឹងសព្វរឿងអង្គហេតុក៏ផ្តល់ជាយោបល់កុំដល់ថ្នាក់ប្តឹងផ្តល់ដូចជាជ្រុលពេក ទុកឲ្យចាស់ទុំឪពុកម្តាយសងខាងនិយាយគ្នាសិន ទើបកូនប្រុសសុខចិត្តមិនប្តឹងទៅវិញ ហើយចាកចេញទៅព្យាបាលរបួស ៕
