អបអរសាទរ...ពិធីបំពាក់មេដាយមាសជូនអង្គភាពចំនួន៤ ដែលចូលរួមជួយសង្គ្រោះមនុស្ស នៅក្នុងហេតុការណ៍បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ
ស៊ីហៀង
-

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនទៅដល់អង្គភាព ចំនួន៤ ដែលមានប្រតិបត្តិការចូលរួមជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ៧ជាន់ ដែលបានប្រារព្ធធ្វើនៅ បញ្ជាការដ្ឋានកងពលតូចលេខ៧០។


ក្នុងនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានយកមេដាយមាសបំពាក់ជូនទៅអង្គភាពចំនួន៤ រួមមានគឺអង្គភាព៧១១ ចំណុះឲ្យកងពលតូចលេខ៧០, អង្គភាពរបស់វិស្វកម្ម, បញ្ជាការដ្ឋានកងទ័ពអាកាស និងការិយាល័យសង្គ្រោះ JPR របស់ជប៉ុនប្រចាំនៅកម្ពុជា និងបានបំពាក់មេដាយមាសជូនទៅដល់បុគ្គល និងប័ណ្ណសរសើររបស់អគ្គមេបញ្ជាការ ជូនទៅដល់បុគ្គលនៅក្នុងអង្គភាពដែលពាក់ព័ន្ធ សរុបរួមមានចំនួន១៨៨រូប។


ក្រោយពីការបំពាក់ចប់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការសរសើរ អំពីប្រតិបត្តិការរបស់បងប្អូនប្រកបទៅដោយឆន្ទៈមោះមុត និងមានជំនាញពិតប្រាកដ ក្នុងការងារសង្គ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ៕