លោកពូក៏ចិត្តល្អដែរ! ស្ទុះទៅជួយបិទហ្គាស ក្រែងបានជួយជីវិតមនុស្សទាំងអស់គ្នា ចែដន្យសំណាងអាក្រក់ ផ្ទុះចំខ្លួនឯង ...
សីហា
-

សៀមរាប៖ ប្រិយមិត្តក៏កំពុងតែតាមដាន រឿងផ្ទុះហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Daraangkor ដែលត្រូវជាប្រពន្ធជនរងគ្រោះម្នាក់ ដែលហ៊ានយកជីវិតទៅជួយសង្គ្រោះជីវិតមនុស្ស ដោយស្ទុះទៅជួយបិទហ្គាស ក្រែងបានជួយជីវិតទាំមនុស្ស ចែដន្យសំណាងអាក្រក់ ផ្ទុះចំខ្លួនឯង រងរបួសធ្ងន់ធ្ងរ នេះជាការលើកឡើងរបស់គាត់"???ខ្ញុំអោយប្ដីខ្ញុំទៅជួយបិតហ្គាស់គេមិនគិតពីអាយុជីវិតគាត់ព្រោះគិតថាអាចរួផុតទាំងអស់គ្នាឥឡូវហ្គាស់ផ្ទុុះត្រូវគាត់សូមបងប្អូនមានចិត្តមេតាជួយខ្ញុំផង???"។ 

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ម្ចាស់ទីតាំងមានឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ហើយក្រៅពីមានមនុស្សស្លាប់និងរងរបួស បានបណ្តាលឲ្យខូចខាត ហាងបញ្ចូលហ្គាស មានជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ , ឆេះម៉ូតូខូចទាំងស្រុងចំនួន២គ្រឿង , ឡានបញ្ចូលហ្គាសចំនួន ០១គ្រឿង និង ឡាន០១គ្រឿងទៀតបែកកញ្ចក់ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣០រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០៣គ្រឿង ប្រើទឹកអស់៧រថយន្ត , រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថខេត្ត ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត , រថយន្តពន្លត់អគ្គិភ័យ បូរី ទេសចរណ៍ (ភូមិវប្បធម៌) ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត , រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលការពារបេតិកភណ្ឌ ចំនួន០១គ្រឿង ប្រើទឹកអស់ ០៣រថយន្ត និង រថយន្តពន្លត់អគ្គិភ័យ របស់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចំនួន០១គ្រឿង ប្រើទឹកអស់ ០២រថយន្ត ៕