កើតក្នុងគ្រួសារមន្ត្រីរាជការ ព្រមទាំងមានឪពុកជាអតីតអភិបាលខេត្តសៀមរាបផង លោកឃឹម ហ្វីណង់ ដែលបច្ចុប្បន្នជាអភិបាលស្រុកបន្ទាយស្រី មានលទ្ធភាពទទួលបានការអប់រំយ៉ាងល្អប្រសើរ ទាំងកម្រិតជាតិ និងអន្តរជាតិ រហូតដល់បានក្លាយខ្លួនជាប្រធានក្រុមហ៊ុនធំៗ អាចរកបានចំណូលបានយ៉ាងច្រើន។

ប៉ុន្តែក្រៅពីភាពមានបាន ដែលជាបច្ច័យមកពីការសិក្សា និងគ្រួសារនេះ លោកហ្វីណង់ ក៏មានក្តីស្រម៉ៃផ្ទាល់ខ្លួន ចង់រួមចំណែកជួយពលរដ្ឋក្នុងខេត្តសៀមរាប តាមរយៈមុខងារជាមន្ត្រីរាជការ។ តាមលោកហ្វីណង់ មនុស្សម្នាក់ៗ មានក្តីស្រមៃខុសៗគ្នា! ហើយសម្រាប់លោក ការដែលអាចឃើញពលរដ្ឋក្នុងខេត្តកំណើតរបស់លោក មានជីវភាពធូរធារ មានសុខសន្តិភាព គឺមានតម្លៃជាងចំណូលដែលលោកធ្លាប់រកបានកន្លងមកទៅទៀត។

យ៉ាងណាមិញនៅមុននេះបន្តិចលោកបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា ៖ បំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលស្រុកបន្ទាយស្រី។ ឯកសណ្ឋានតំណាងអោយ៖
- វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ
- ភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ

ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងអស់លែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទីនិងបម្រើសេវាជូនប្រជាពលរដ្ឋ។ ខ្ញុំក៏នឹងស្លៀកឯកសណ្ឋាននេះជារៀងរាល់ថ្ងៃដែរ។ #បន្ទាយស្រីទេសកាលថ្មី





