សៀមរាប៖ បើទោះបីជារាជរដ្ឋាភិបាលខ្មែរបានជំទាស់ និងធ្វើទស្សនកិច្ចជាច្រើនលើកច្រើនសារក៏ដោយក្តី ក៏វត្ត Phu Man Fah នៅក្នុងខេត្តបុរីរម្យនៃប្រទេស ថៃនៅបន្តសាងសង់ប្រាសាទ Siha Nakhon ដោយចម្លងរចនាសម្ព័ន្ធពីប្រាសាទ អង្គរវត្តខ្មែរនៅក្នុងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដដែល។ ចំពោះករណីនេះ អ្នកជំនាញបេតិកភណ្ឌជាតិ និងអន្តរជាតិមិនគាំទ្រចំពោះទង្វើនេះឡើយ។

«អង្គការធំៗ និងទីភ្នាក់ងារធំៗផ្នែកបេតិកភណ្ឌនៅលើពិភពលោកមិនយល់ស្របទៅនឹងទង្វើចម្លងសម្បត្តិបេតិកភណ្ឌពិភពលោកនៃប្រទេសមួយពីប្រទេសមួយផ្សេងទៀតឡើយ ពីព្រោះបេតិកភណ្ឌពិភពលោកមានតម្លៃពិសេស និងមានតម្លៃលេចធ្លោជាសកលរបស់វា»។
នេះ គឺជាការលើកឡើងរបស់លោក Mounir Bouchenaki អ្នកជំនាញអន្តរជាតិផ្នែកបេតិកភណ្ឌ អាដហុក នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនៅក្នុងសន្និសិទកាសែត ក្រោយកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនៅក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

លោក Mounir Bouchenaki បានបញ្ជាក់ប្រាប់ទៀតថា ការចម្លង គឺមិនមានតម្លៃដូចរបស់ពិតទេ។ អង្គរវត្តពិត មានតម្លៃវប្បធម៌ជាសកល និងមានទំនាក់ទំនងជាមួយមនុស្សនៃប្រទេសនោះ។ លើសពីនេះទៅទៀត រូបប្រាសាទអង្គវត្តត្រូវបានប្រទេសកម្ពុជាដាក់នៅលើទង់ជាតិរបស់ខ្លួន។

ការចម្លងណាមួយ គឺបង្ហាញពីការខ្វះក្រមសីលធម៌។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានលើកឡើងបញ្ហានេះនៅចំពោះមុខអ្នកជំនាញបេតិកភណ្ឌអន្តរជាតិ រួមទាំងអង្គការយូណេស្កូផងដែរ ឲ្យជួយគិតគូរពីរឿងដែលប្រទេសថៃបន្តចម្លងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្តរបស់ខ្មែរ។

លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់ដោយលើកឡើងពីមាត្រា៦.៣ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោកថា ទង្វើចម្លងរបស់ប្រទេសថៃ គឺធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ ឬប្រយោលដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ហើយនេះ គឺជាអ្វីដែលប្រទេសជាសមាជិកអនុសញ្ញាត្រូវតែហាមឃាត់។
លោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ការចម្លងស្ថាបត្យកម្មអង្គរនេះ គឺជាការបំពានអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរ»៕