បរទេស៖ អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់ជាង ២តោន ដែលបន្លំធ្វើជាម្សៅពោត ពីទូកទេសចរណ៍មួយនៅភាគខាងកើតប្រទេសថៃ ដោយរារាំងការដឹកជញ្ជូនតម្លៃ ៩០លានដុល្លារអាមេរិក ពីការរត់ពន្ធចេញពីប្រទេស។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា បុរសប្រាំបីនាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍នៅក្នុងខេត្ត Rayong ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនជិត ២,៦ តោន ឆ្លងកាត់ព្រំដែនភាគខាងត្បូង។ ពួកគេមិនបានបញ្ជាក់លម្អិតពីគោលដៅដែលបានគ្រោងទុក ឬប្រភពដើមនៃថ្នាំញៀនទាំងនោះ នោះទេ។

នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃបាននិយាយថា ប្រសិនបើលក់ទៅក្រៅប្រទេស ថ្នាំញៀនទាំងនោះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង ៣ ពាន់លានបាត ស្មើនឹង ៩០,៨ លានដុល្លារ។
ថ្នាំញៀនត្រូវបានគេវេចខ្ចប់ក្នុងថង់ប្លាស្ទិក ដោយបន្លំជាកញ្ចប់ម្សៅពោត ។ កញ្ចប់នីមួយៗមានទម្ងន់ប្រហែលមួយគីឡូក្រាម។ អាជ្ញាធរបាននិយាយថា ពួកគេក៏បានរឹបអូសរថយន្តមួយគ្រឿង និងរថយន្តដែលគេជឿថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានថ្លែងអំណរគុណដល់មន្ត្រី ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយបានប្រាប់សន្និសីទសារព័ត៌មានថា “រដ្ឋាភិបាលពិតជាយកចិត្តទុកដាក់ ចំពោះគោលនយោបាយរបស់យើងលើគ្រឿងញៀន”។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសជិតខាងមីយ៉ាន់ម៉ា គឺជាប្រភពនៃថ្នាំញៀនមេតំហ្វេតាមីន និងហេរ៉ូអ៊ីនភាគច្រើនក្នុងតំបន់។
“ត្រីកោណមាស” ជាកន្លែងដែលព្រំប្រទល់នៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃជួបគ្នា មានភាពល្បីល្បាញខាងការផលិតអាភៀន និងហេរ៉ូអ៊ីន ដែលរីកដុះដាលយ៉ាងខ្លាំងដោយសារតែទីតាំងដាច់ស្រយាល និងការអនុវត្តច្បាប់មិនតឹងរ៉ឹង។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនបានជំនួសអាភៀន និងហេរ៉ូអ៊ីន ព្រោះវាងាយស្រួលផលិតនៅលើខ្នាតឧស្សាហកម្ម៕
