សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនគ្មានជម្រើសអ្វី ល្អជាងការបិទការធ្វើដំណើរឆ្លងខេត្តឡើយ
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយឱ្យបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ចាប់ពីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា "ដើម្បីសុវត្ថិភាពរបស់ជាតិនិង ជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឱយល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូន ជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ"។

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងពីស្រុកមួយទៅស្រុកមួយផងដែរ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤និង ០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤និង០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន

- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន

- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន

- រថយន្តពន្លត់អគ្គីភ័យ

- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់

- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។