មន្រ្តីនគរបាល២រូបទៀត ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យកងកម្លាំង
Sokli
-

រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន២រូប ដែលបំពេញការងារនៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចដកចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំង។

យោងតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺលោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុប នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ការសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលជាតិរូបនេះ គឺក្រោមមូលហេតុថា ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២ នៃប្រកាសដដែលនេះ បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤តទៅ។

សូមរលឹកថា ក្នុងរយៈពេលនៃដើមខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រមាណ៦០រូបហើយ ត្រូវបានដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងមួយចំនួនទៀត បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ បើតាមការអះអាងកន្លងមកពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ វិធានការបណ្ដេញចេញមន្ត្រីពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្ម៕