នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុនChina Good Cars Holding Ltd បង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ
ថ្ងៃអង្គារ ទី១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លាន ដុល្លារអាមេរិក។

ក្នុងជំហានដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយសន្យានឹងបន្តការងារទៅតាមអនុសាសន៍នានា របស់ ឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ។








ប្រភពៈ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT