ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញលិខិត ព្រមាន ចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល។

ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ការវាយកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន។ សូមជម្រាបថា ការចេញលិខិតព្រមានរបស់ក្រសួងខាងលើនេះ បន្ទាប់ពីមន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាននៅស្រុកអង្គស្នួល ខេត្តកណ្តាល រងការចោទប្រកាន់ពីអ្នកជំងឺ ២នាក់ ប្តីប្រពន្ធថា កេងបន្លំក្លែងមុខរបួសដើម្បីជំរិតទារប្រាក់ថ្លៃសេវាព្យាបាលចំនួន ៧១០ដុល្លារ។

ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។




