សមាគមរោងចក្រ សូមអំពាវនាវដល់ម្ចាស់អាគារទាំងអស់ បញ្ចុះតម្លៃឈ្នួលអាគាររយៈពេល៣ ទៅ ៦ ខែ ដើម្បីជួយសម្រួលដល់ការចំណាយរបស់រោងចក្រ
-

សមាគមរោងចក្រ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាគារទាំងអស់ ដែលជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាៈ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្ម នានានៅកម្ពុជា ដែលទទួលបាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ ។ ការទទួលរងនេះត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្តែងរោងចក្រចំនួន១៨០ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរផលិតកម្មនៅពេលខាងមុខ។ ការព្យួរនេះបានបញ្ជាក់អំពីភាពមិនអាចទ្រទ្រង់បាននូវបន្ទុកចំណាយនានារបស់រោងចក្រ ខណៈដែលចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះ។

ការចំណាយរបស់រោងចក្រ លើថ្លៃឈ្នួលអាគារ និងទីតាំង គឺជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរ ស្របពេលដែលសមាជិករបស់យើងកំពុងតែរងគ្រោះ ដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជាការចំណាយផ្សេងៗដ៏ទៃទៀត។

សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្តែយើងពិតជាអំពាវនាវ ដល់ម្ចាស់អាគារនានាដែលកំពុងជួលឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច៣០ភាគរយ សម្រាប់រយៈពេល ៣ (បី) ទៅ(ប្រាំមួយ) ខែ។ ការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ។

តាមនាឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាសមាគមសូមថ្លែងអំណរគុណ ដល់ម្ចាស់អាគារទាំងអស់ចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់លោកអ្នកកន្លងមក។ យើងទន្ទឹងរង់ចាំការយោគយល់និងកិច្ចសហការបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។