មន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីសបានទទួលមរណ ភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ នៅប្រទេសស្វីស។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dr. Beat Richner បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយនៅក្នុងសារនោះបានរៀបរាប់ថា "នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស។

គាត់បានទទួលមរណភាព នៅវេលាម៉ោង២១ យប់ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នាប្រទេសស្វីស ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Peter Studer បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា "#ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០#ពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ សព «លោកវេជ្ជបណ្ឌិត Peter Studer» ប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស# អរគុណឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចូលរួមរំលែកទុក្ខគ្រួសារនៃសព#មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ#"។

ប្រភព៖ Dr. Beat Richner