បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ពលករខ្មែរចំនួន ៦៨នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ត្រូវបានយោធាឈុតខ្មៅថៃដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិតភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ទល់មុខនឹង វត្ត៩៣ ស្ថិតស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ក្នុងនោះមានប្រុសចំនួន៣៧នាក់ ស្រីចំនួន២៥នាក់ និងក្មេង៦នាក់។

នាយមេប៉ុស្តិ៍ទាហានឈុតខ្មៅថៃ ភូងកង ប៊ិន បានឲ្យដឹងថា លោកតែងតែឃាត់ទុកពលករខ្មែរ ដែលឆ្លងខុសច្បាប់ចូលតាមច្រករបៀងផ្សេងៗ តាមរយៈមេខ្យល់ទុកម្តុំ ព្រមទាំងយកថវិកាផ្ទាល់ខ្លួន ទិញអាហារឲ្យពលករខ្មែរទាំងនោះ ហូបចុកថែមទៀតផង។លោកបន្តថា ពលករទាំងនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែមកដល់ពេលនេះ ថវិកាលោកបានអស់ហើយ លោកមិនមានលទ្ធភាពទៀតទេ ព្រោះប្រាក់ខែមិនច្រើន ហើយក៏សុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ផង។

លោកបានប្រាប់បន្ថែមទៀតថា ពលករខ្មែរទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេងៗ ក៏ត្រូវបានកម្លាំង របស់ថៃចាប់ឃាត់ខ្លួនតែម្តង៕