ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាច់ញាតិ ព្រមទាំងកូនៗ និងចៅៗ ការប្រគេន យាគូដល់ព្រះសង្ឃ វេរភត្តាហារប្រគេនព្រះសង្ឃ បង្សុកូល ដារឆ្លង។ បន្ទាប់មកនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ៩៦អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។
កូន កូនប្រសារប្រុស ស្រី ចៅ ចៅទួត គ្រប់ រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោក តេជះ បារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះ មហា សវេតច្ឆត្រ សូមលោកជួយនាំ ដំណើរ វិញ្ញាណ ក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគាលៃ ប្រកប ដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ ៩៦វស្សា កាលពីវេលាម៉ោង ២និង១២នាទី ទៀបភ្លឺថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
បន្ទាប់ពីតម្កល់ធ្វើបុណ្យរយៈពេលពីរយប់ និងបីថ្ងៃ ដោយមានការអញ្ជើញគោរពវិញ្ញាណក្ខន្ធពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងឯកអគ្គរដ្ឋទូត រាជទូត ព្រមទាំងញាតិមិត្តជិតឆ្ងាយនោះ ស ពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
ដើម្បីជាការឧទ្ទិកុសលផលបុណ្យជូនដល់មាតាក្មេង មាតាបង្កើត និងជីដូននោះ សម្តេចេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាច់ញាតិជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ និងចៅទួត បានរៀបចំធ្វើបុណ្យទៅតាមបែបបទប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងបាននិមន្តព្រះសង្ឃគោចររាប់បាត្រជាបន្តបន្ទាប់រហូតដល់គម្រោងពិធីបុណ្យ៧ថ្ងៃនៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា។
នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ត្រូវជាថ្ងៃគម្រប់៧ថ្ងៃនៃការទទួលមរណ ភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ និងចៅៗ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
នៅក្នុងពិធីតាមបែសាសនានេះ កូនបង្កើត កូនប្រសារ ចៅ ចៅទួត បានអរតនានិមន្តសម្តេចព្រះរាជាគណៈ៩ព្រះអង្គ និងព្រះសង្ឃបួសមុខភ្លើង ចម្រើនព្រះបរិត្ត ធ្វើបទនមសិកា ព្រះរតនត្រ័យ និងសម្តែងព្រះធម្មទេសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ ធម្មការនិងសាសនា ព្រះបរមរាជវាំង។
ពិធីបុណ្យតាមបែបសាសនា ដែលបានធ្វើឡើងនៅ ភូមិកំណើតផ្ទាល់ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នៅភូមិទី២ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីសម្តេច លោក លោកស្រី ជាឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ញាតិមត្តិគ្រប់ក្រុមគ្រួសារ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ជាច្រើននាក់៕