ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា ចែកស្បៀង ដល់ប្រជាពលរដ្ឋក្រីក្រឬខ្វះខាត ក្នុងអំឡុងជំងឺកូវីដ១៩នេះកំពុងតែវាយលុកពិភពលោក។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសម្តេចបានប្រកាសថារដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារទាំងឡាយណា ដែលក្រីក្រឬជួបការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។

ទន្ទឹមនិងនេះដែរប្រមុខរដ្ឋាភិបាល ថ្លែងឲ្យដឹងបន្តទៀតថា «ចំនួនប៉ុន្មាន គ្រួសារ បានប៉ុន្មាន កូនបានប៉ុន្មាន យើងមានក្នុងកម្មវិធីហើយ។ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ( រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច) ប្រកាសចេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង អំពីកិច្ចអន្តរាគមន៍របស់យើង ទៅលើបញ្ហាជីវភាពរបស់ប្រជាជន សម្រាប់អ្នកដែលក្រីក្រ»។

យ៉ាងណាមិញ លោក តូច ចាន់នី អ្នកនាំពាក្យសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ អាចយកបណ្ណក្រីក្រ ទៅចុះឈ្មោះនៅថ្នាក់ឃុំ-សង្កាត់ ហើយបន្ទាប់មកពួកគាត់ អាចបើកប្រាក់ឧបត្ថម្ភតាមសេវកម្មវីង។

ចំពោះអ្នក មិនទាន់មានបណ្ណក្រីក្រ គឺអាស្រ័យលើការវាយតម្លៃរបស់មន្រ្តីថ្នាក់ឃុំ-សង្កាត់ ហើយសម្រេចថា ក្រីក្រមែនឬយ៉ាងណា ហើយគួរផ្តល់ប្រាក់ឧបត្ថម្ភដែរឬមិនគួរ។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសង្គមកិច្ចដដែល ៕


