ត្រេកអរណាស់...រោងល្ខោនខោល សុវណ្ណភូមិ នឹងដំណើរឡើងវិញ ដោយមានការជ្រោមជ្រែងពី...
-

នៅមុននេះបន្តិចនៅបណ្តាញសង្គមហ្វេសប៊ុករបស់ ល្ខោនខោល "សុវណ្ណភូមិ" ដែលមានឈ្មោះថា Sovanna Phum Art Association" បានបង្ហោះសារឲ្យដឹងថា "ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបពិភាក្សាជាមួយលោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យអង្គការសិល្បៈនេះអាចបន្ដការងាររបស់ខ្លួនតទៅមុខទៀតបាន។ លទ្ធផលបឋមគឺថា៖ សាលាមធ្យមវិចិត្រសិល្បៈនឹងសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិដើម្បីរៀបចំឲ្យមានការសម្ដែងល្ខោនស្បែកធំ ការផ្ទេរចំណេះដឹងទាំងការសម្ដែងល្ខោនស្បែក និងការឆ្លាក់ស្បែកនៅក្នុងទីតាំងសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងការសម្ដែងក្នុងប្រទេសនិងក្រៅប្រទេសនានា។ មធ្យោបាយនេះនឹងជួយសមាគមសិល្បៈសុវណ្ណភូមិអាចនៅតែបន្ដបេសកកម្មរបស់ខ្លួនក្នុងការអភិរក្សនិងអភិវឌ្ឍល្ខោនស្បែកធំតទៅមុខទៀត ដោយពុំចាំបាច់ចំណាយថវិកាជួលទីតាំង និងចំណាយផ្សេងៗ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសិល្បៈសុវណ្ណភូមិ ដែលមានទឹកចិត្តល្អប្រពៃធ្វើអំណោយស្បែកធំ ស្បែកតូច សម្ភារៈឆ្លាក់ស្បែក និងសម្ភារៈសម្តែងស្បែក ដល់សាលាមធ្យមវិចិត្រសិល្បៈ ហើយសម្ភារៈទាំងអស់នោះនឹងយកទៅប្រើប្រាស់ក្នុងការងារសហប្រតិបត្តិការខាងលើ ដើម្បីចូលរួមអភិរក្ស និងថែរក្សាមរតកល្ខោនស្បែកធំឲ្យគង់វង្សនិងពណ្ណរាយជាអង្វែងតទៅទៀត។ ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្ត្រីក៏បានជូនថវិកាមួយចំនួនដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីជាការថ្លែងអំណរគុណចំពោះទង្វើដ៏ប្រពៃរបស់សាលាមធ្យមវិចិត្រសិល្ប:!!!។

ប្រភព៖ Sovanna Phum Art Association