អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីយោងបំណែកព្រះពុទ្ធបដិមា ចេញពីរណ្តៅកំណាយរកឃេីញក្បែរប្រាសាទអង្គរវត្ត មកសិក្សា និងជួសជុលឡើងវិញ
ស៊ីហៀង
-

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីយោងបំណែកព្រះពុទ្ធបដិមាដែលត្រូវបានធ្វេីកំណាយរកឃេីញក្បែរប្រាសាទអង្គរវត្ត កាលពេលកន្លងទៅ ដេីម្បីយកមកជួសជុលឡេីងវិញ។

ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ។

ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់ឯកឧត្តមអគ្គនាយក បដិមា១អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម​ ព្រោះគេបានស្គាល់ច្បាស់ថាបំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។

បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក យី សុថា

ប្រភព៖ អាជ្ញាធរជាតិអប្សរា