ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ១០នាក់ និងស្ត្រីជនជាតិភូមាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើករណីស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធលើករណី «បង្ខាំងមនុស្សដោយខុសច្បាប់» លើជនជាតិចិនដូចគ្នា និងជាប់ពាក់ព័ន្ធរឿងសារធាតុញ ៀនផងដែរ។

បើតាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនបញ្ជូនទៅតុលាការ រួមមាន ៖
ទី១- ឡូវ ពិនភេទប្រុស អាយុ៥០ឆ្នាំជនជាតិចិន
ទី២- ឈិន ស៊ី ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន
ទី៣- ស៊ុង ជាំង ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិចិន
ទី៤- សោ ឆោ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិចិន
ទី៥- វ៉ាង វិនហ ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិចិន
ទី៦- ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
ទី៧- ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
ទី៨- ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
ទី៩- ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំជនជាតិភូមា
និងទី១០- ងែត ផល្លា ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ ។

តាមរបាយការណ៍ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុង ខែ០៣ ឆ្នាំ២០២០មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើសដែលសុទ្ធតែ ជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ហើយនៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារ ទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាព នៅប្រទេសចិននាពេលនោះ កំពុងត្រូវបានជំងឺកូវីដ១៩រាតត្បាត បានធ្វើឱ្យបងប្រុសជនរងគ្រោះដែលមានឈ្មោះថា XIAO WEN YANG ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី ពិបាកក្នុងការធ្វើដំណើរ ហើយក៏ត្រូវពន្យាពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ទើបងប្រុសជនរងគ្រោះ បានធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរករំដោះប្អូនប្រុសរបស់ខ្លួន។

ក្រោយពីអាវុធហត្ថ បានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅ ក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប និងឆេកឆេរបន្ទប់ចំនួន៤ ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១០នាក់ (បុរសចិន០៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរ ជាអ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ ឲ្យមានសេរីភាព។

ក្រោយពេលសាកសួរ និងស៊ើបអង្កេតតាមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន ០៩នាក់ បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់៕

