(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រៃវែង ដោយរួមសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផល ទំនិញម្ហូបអាហារ នៅក្នុងផ្សារអ្នកលឿង និងឃ្លាំងចែកចាយអំបិល និងឱសថស្ថានលក់ថ្នាំពេទ្យ។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានប្រើប្រាស់ម៉ាស៊ីន Lodine Checker ដើម្បីពិនិត្យរកកំរិតជាតិអីយ៉ូដនៅក្នុងអំបិល បានចំនួន ១០ គំរូ និងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ ក្នុងម្ហូបអាហារបានចំនួន ០៨ គំរូ រួមមាន៖ ពោះត្រីប្រាប្រលាក់ ប្រហុកសាច់ បន្លែ សាច់ក្រក និងត្រីងៀត។ បន្ទាប់យើងក៏បានចុះត្រួតពិនិត្យរកមើលជាតិពុល មេតាណុលដែលមាន អាល់កុលក្លែងក្លាយ នៅតាមឱសថស្ថានលក់ថ្នាំពេទ្យនានាជុំវិញផ្សារបន្ថែមទៀត។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអាល់កុលក្លែងក្លាពុំស្លាកសញ្ញា ចំនួន ៨.៥ លីត្រ ស្មើនឹង ១៧ ដប។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត អាល់កុលទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

ក្នុងឱកាសនោះ មន្រ្តី ក.ប.ប បានណែនាំដល់អាជីវករ លក់ដូរទាំងអស់ អំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកដាក់តាំងលក់ដោយអោយមាន ស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់អោយបានត្រឹមត្រូវ ៕


ប្រភព ៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF